ភ្នំពេញ៖ ក្រុមគ្រូពេទ្យកម្ពុជា និងបារាំង នៃមន្ទីរពេទ្យកាល់ម៉ែត បានវះកាត់ប្តូរក្រលៀនដោយជោគជ័យជូនអ្នកជំងឺជាគ្រូបង្រៀនម្នាក់មកពីខេត្តព្រៃវែង បន្ទាប់ពីអ្នកជំងឺរូបនេះបានទទួលការលាងឈាមជាប្រចាំដោយសារជំងឺខ្សោយតម្រងនោម។
តាមសារដែលសម្តេច ហ៊ុន សែន បានបង្ហោះនៅលើបណ្តាញសង្គម សម្តេចបានឱ្យដឹងថា កន្លងមក សម្តេចបានសន្យាជួយស្វែងរកវិធីព្យាបាលជូនអ្នកគ្រូ ម៉ូវ សុផាន់ ដែលជាគ្រូបង្រៀននៅខេត្តព្រៃវែង និងមានជំងឺតម្រងនោមធ្ងន់ធ្ងរ។
ក្រោយទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យកម្ពុជា-បារាំង នៅមន្ទីរពេទ្យកាល់ម៉ែត អ្នកជំងឺបានទទួលការវះកាត់ប្តូរក្រលៀនដោយជោគជ័យ ដែលផ្តល់ឱកាសឱ្យនាងបន្តជីវិត និងរស់នៅដោយមានសង្ឃឹមឡើងវិញ។
សម្តេច ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យកម្ពុជា និងបារាំង ព្រមទាំងអ្នកបរិច្ចាគក្រលៀន ដែលបានចូលរួមជួយសង្គ្រោះជីវិតអ្នកជំងឺ។
សម្តេចបានបញ្ជាក់ថា កម្ពុជាកាន់តែមានសមត្ថភាពព្យាបាលជំងឺធ្ងន់ធ្ងរប្រភេទនេះបានច្រើនករណី ហើយប្រជាពលរដ្ឋមិនចាំបាច់ធ្វើដំណើរទៅព្យាបាលនៅក្រៅប្រទេសដូចមុនទៀតឡើយ៕