
ហូជីមិញ៖ រដ្ឋាភិបាលវៀតណាម កាលពីថ្ងៃអង្គារ បានយល់ព្រមបន្តគោលនយោបាយលើកលែងទិដ្ឋាការជាឯកតោភាគីរបស់ខ្លួនសម្រាប់ពលរដ្ឋមកពីប្រទេសចំនួន ១៣ ខណៈដែលប្រទេសវៀតណាមស្វែងរកការបើកទេសចរណ៍ក្នុងស្រុកឡើងវិញបន្ទាប់ពីការបិទជិតពីរឆ្នាំ។
ពលរដ្ឋមកពីប្រទេសបេឡារុស្ស ដាណឺម៉ាក ហ្វាំងឡង់ បារាំង អាឡឺម៉ង់ អ៊ីតាលី ជប៉ុន ន័រវេស រុស្ស៊ី កូរ៉េខាងត្បូង អេស្បាញ ស៊ុយអែត និងចក្រភពអង់គ្លេស នឹងត្រូវបានអនុញ្ញាតឱ្យទៅទស្សនាប្រទេសវៀតណាមរហូតដល់ថ្ងៃ ១៥ ដោយគ្មានទិដ្ឋាការ ដោយមិនគិតពីប្រភេទលិខិតឆ្លងដែន នឹងគោលបំណង នៃការចូលក្នុងប្រទេសវៀតណាម។
គួរបញ្ជាក់ថា មុនពេលជំងឺរាតត្បាតកូវិដ១៩ផ្ទុះ វៀតណាមបានផ្តល់គោលនយោបាយលើកលែងទិដ្ឋាការជាឯកតោភាគីសម្រាប់ប្រទេសទាំង ១៣ នេះ ដែលជាទីផ្សារទេសចរណ៍ដ៏សំខាន់របស់ប្រទេស។ ប្រទេសនេះក៏បានផ្តល់ទិដ្ឋាការអេឡិចត្រូនិកដល់ពលរដ្ឋនៃប្រទេស និងដែនដីចំនួន ៨៨ ដែលអនុញ្ញាតឱ្យពួកគេដាក់ពាក្យសុំចូលតែមួយរយៈពេល ៣០ ថ្ងៃប៉ុណ្ណោះ។
ប្រទេសវៀតណាម បានបិទទេសចរណ៍ក្នុងស្រុក និង បញ្ឈប់ការផ្តល់ទិដ្ឋាការសម្រាប់ភ្ញៀវទេសចរបរទេសចាប់តាំងពីខែមីនាឆ្នាំ ២០២០ ។ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ធ្លាប់បានអំពាវនាវជាច្រើនដង ឱ្យរដ្ឋាភិបាលស្តារឡើងវិញនូវគោលនយោបាយទិដ្ឋាការ ដូចកាលពីមុនជំងឺរាតត្បាត។ ប្រទេសវៀតណាមបានទទួលភ្ញៀវបរទេសជាង ១០,០០០ នាក់ ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន ខណៈដែលប្រទេសនេះបានបើកដំណើរការទេសចរណ៍អន្តរជាតិឡើងវិញដោយផ្នែក។
ប្រទេសនេះបានប្រកាសដកការរឹតបន្តឹងការធ្វើដំណើរភាគច្រើនចាប់ពីថ្ងៃទី ១៥ ខែមីនា នៅពេលដែលភ្ញៀវទេសចរបរទេសនឹងត្រូវបានអនុញ្ញាតឱ្យចូលទស្សនាប្រទេសនេះដោយមិនចាំបាច់កក់កញ្ចប់ដំណើរកម្សាន្ត៕