ភ្នំពេញ៖ ពិធីករ និងពិធីការិនីឆ្នើមប្រចាំទូរទស្សន៍បាយ័ន លោកជួប សុភ័ក្រ្ក និងកញ្ញាហេង កែវនីតា បានចូលរួមក្នុងកម្មវិធីបើកការប្រកួតបាល់ទាត់នារី ដែលបានរៀបចំដោយអង្គការផ្កាយសមុទ្រ កាលពីថ្ងៃសោរិ៍ ទី១២ ខែមីនាកន្លងទៅនេះ។ ការប្រកួតបាល់ទាត់នារី អង្គការផ្កាយសមុទ្រ មានគោលដៅចូលរួមចំណែកក្នុងការលើកស្ទួយវិសមភាពយេនឌ័រតាមរយៈការលេងកីឡា។
កញ្ញាហេង កែវនីតា បានឲ្យដឹងថា កញ្ញាពិតជាមានក្តីសប្បាយរីករាយដែលបានមកឃើញកុមារី ចូលរួមលេងកីឡាបាល់ទាត់ដូចបុរសដែរ។ កញ្ញាយល់ឃើញថា ការលើកទឹកចិត្តឲ្យកុមារីលេង កីឡាបាល់ទាត់នេះមិនត្រឹមតែឲ្យពួកគេទទួលបានសុខភាពល្អ រាងកាយមាំមួនប៉ុណ្ណោះទេ តែថែមទាំងអាចឲ្យគេយកកីឡាបាល់ទាត់ជាផ្នែកមួយនៃការអប់រំពីភាពជាអ្នកដឹកនាំ ការធ្វើការជាក្រុម និងការចេះដោះស្រាយបញ្ហានានាផងដែរ។
រីឯលោកជួប សុភ័ក្រ្ក ដែលលោកបានចូលរួមសកម្មភាពជាច្រើនជាមួយអង្គការផ្កាយសមុទ្របានឲ្យ ដឹងថា ៖ “ចាប់តាំងពីឆ្នាំ 2006 មក អង្គការផ្កាយសមុទ្រកម្ពុជាបានជួយលើកកម្ពស់សមភាពយេនឌ័រ ដោយ លើកទឹកចិត្តឲ្យស្រ្តីចូលរួមក្នុងវិស័យបាល់ទាត់ ដោយហេតុថា ឱកាសក្នុងការលេងបាល់ទាត់សម្រាប់ កុមារីក្រីក្រនៅកម្ពុជាស្ទើរតែមិនមាន ព្រមជាមួយនឹងផ្នត់គំនិតមិនសមហេតុផល ដែលថាស្ត្រីបង្វិល ជើងក្រានមិនជុំ។”
គួរបញ្ជាក់ថា ការប្រកួតក្រុមបាល់ទាត់នារីនេះ មានការចូលរួមពីសំណាក់ក្រុមបាល់ទាត់កុមារីអាយុក្រោម ១០ឆ្នាំ អាយុក្រោម ១៤ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំ ដែលមានចំនួនសរុបរហូតដល់ទៅ ៤២០នាក់ ដែលពួកគេបានធ្វើដំណើរពីខេត្តក្រុងទាំង ៨ ដើម្បីមកជុំគ្នាប្រកួតក្នុងកម្មវិធី ការប្រកួតបាល់ទាត់នារី។