Cctimesw1140xh150cm copy

ខេត្តត្បូងឃ្មុំផ្តើមសិក្សារៀបចំ«ដើមពោធិ៍ទុំទាវ»ជារមណីយដ្ឋានប្រវត្តិសាស្ត្រ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ត្បូងឃ្មុំ៖ តំបន់ប្រវត្តិសាស្រ្តដើមពោធិ៍ ទុំ ទាវ នឹងត្រូវរៀបចំអភិវឌ្ឍន៍កែលម្អ ជារមណីយដ្ឋានប្រវត្តិសាស្ត្រ ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ កាលពីចុងសប្តាហ៍កន្លងទៅនេះឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ សិក្សាអំពីទីតាំងប្រវត្តិសាស្រ្តដើមពោធិ៍ទុំទាវ ស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ជាមួយនឹងការចុះពិនិត្យនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្ត្រីជំនាញទាំងអស់ត្រូវសិក្សារៀបចំទីតាំងប្រវត្តិសាស្រ្តមួយនេះឲ្យក្លាយទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រសម្រាប់ប្រជាពលរដ្ឋមកទស្សនាកម្សាន្ត និងសិក្សាពីប្រវត្តិសាស្ត្រ ទាំងភ្ញៀវជាតិ និងអន្តរជាតិ ។ ដោយជំហានដំបូងត្រូវសិក្សាធ្វើរបងព័ទ្ធជុំវិញ និងដាំកូនឈើបន្ថែមលើបរិវេណដើមពោធិ៍ប្រវត្តិសាស្ត្រមួយនេះ ក្នុងនោះក៏ត្រូវរៀបចំឲ្យមានបង្គន់អនាម័យផងដែរ។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ មានប្រសាសន៍លើកឡើងបន្តថា ទីតាំងប្រវត្តិសាស្ត្រដើមពោធិ៍ទុំទាវដែលស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នេះគឺជាទីតាំងប្រវត្តិសាស្រ្តដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិអន្តរជាតិប៉ុន្តែដោយកន្លងមកយើងមិនទាន់បានរៀបចំឲ្យមានសោភ័ណភាពល្អ ហើយម្យ៉ាងភ្ញៀវទេសចរណ៍មួយចំនួនមិនស្គាល់ទីតាំងច្បាស់លាស់ផងនោះទើបធ្វើឲ្យតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តមួយនេះត្រូវបានមើលរំលង ប៉ុន្តែចាប់ពីពេលនេះតទៅអាជ្ញាធរខេត្តនិងរៀបចំតំបន់ប្រវត្តិសាស្ត្រមួយនេះអោយក្លាយទៅជាតំបន់ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិអន្តរជាតិចូលមកទស្សនាកំសាន្តនិងស្គាល់ពីប្រវត្តិសាស្ត្រទុំទាវ ។

សូមជម្រាបថា កាលពីពេលកន្លងទៅថ្មីៗនេះដើមពោធិ៍ក្នុងតំបន់ប្រវត្តិសាស្ត្រទុំទាវដ៏ធំមួយដែលគេឲ្យឈ្មោះថាដើមពោធិ៍អ្នកតាក្រហមក ត្រូវបានខ្យល់កន្ត្រាក់បោកដួលរលំហើយត្រូវបានអាជ្ញាធរខេត្តរៀបចំដាំឡើងវិញ។ ក្រោយការដួលរលំដើមពោធិ៍ដ៏ធំមួយនេះតំបន់ប្រវត្តិសាស្រ្តទុំទាវត្រូវបាន ប្រជាពលរដ្ឋមានការចាប់អារម្មណ៍ចង់ឃើញនិងស្គាល់ ដោយបានចូលទៅទស្សនាបន្ទប់បន្ទាប់ពិសេស ប្រជាពលរដ្ឋដែលមកពីបណ្ដាខេត្តផ្សេងៗផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង