
អាម៉េរិក៖ សហរដ្ឋអាមេ៉រិក នៅថ្ងៃទី ១៤ មីនានេះ បានចេញជាការព្រមានដល់រដ្ឋាភិបាលក្រុងប៉េកាំង ចំពោះបញ្ហាប្រឈមនឹងផលវិបាក «យ៉ាងពិតប្រាកដ» ប្រសិនបើហ៊ានជួយរដ្ឋាភិបាលក្រុងមូស្គូបញ្ចៀសពីទណ្ឌកម្មទាក់ទិននឹងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ចិនបានឆ្លើយតបដោយប្រុងប្រយ័ត្ន និង ពន្យល់ថា ទំនាក់ទំនង និងបញ្ហាអន្តរជាតិ និងក្នុងតំបន់ ដែលជាកង្វល់រួម។
លោក Jake Sullivan ទីប្រឹក្សាសន្ដិសុខជាតិសហរដ្ឋអាមេ៉រិក បានថ្លែងប្រាប់បណ្ដាញព័ត៌មាន CNN ថា អាម៉េរិកជឿថា ចិនបានដឹងថា រុស្ស៊ីមានគម្រោងធ្វើសកម្មភាពនៅក្នុងប្រទេសអ៊ុយក្រែន នៅមុនការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកើតឡើងទៅទៀត បើទោះបីជារដ្ឋាភិបាលក្រុងប៉េកាំងប្រហែលជាមិនបានដឹងលម្អិតអំពីសកម្មភាពដែលគ្រោងនឹងធ្វើនោះក៏ដោយ។
បើតាមលោក Sullivan បានបញ្ជាក់ថា ឥឡូវនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងតាមដានមើលយ៉ាងយកចិត្តទុកដាក់ថា តើរដ្ឋាភិបាលក្រុងប៉េកាំងនឹងផ្ដល់ការគាំទ្រផ្នែកសេដ្ឋកិច្ចឬផ្នែកយោធាដល់រុស្ស៊ីក្នុងកម្រិតណា ហើយបន្ទាប់មកអាម៉េរិកនឹងធ្វើឲ្យចិនមានផលវិបាក ប្រសិនបើរឿងនេះកើតឡើងមែននោះ។
មន្ត្រីការទូតកំពូលរបស់ចិនលោក Yang Jiechi បានថ្លៃជាលក្ខណៈកាទូតទៅកាន់លោក Jake Sullivan វិញថា ទំនាក់ទំនង និងបញ្ហាអន្តរជាតិ និងក្នុងតំបន់ ដែលជាកង្វល់រួម។ចិនចង់ឃើញសន្តិភាពនៅក្នុងតំបន់ ហើយស្វាគមន៍ធ្វើការងារជាមួយអាម៉េរិក ដើម្បីទំនាក់ទំនងត្រឡប់ទៅរកផ្លូវល្អប្រសើរ និងការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋចិនCCTV។
គួរបញ្ជាក់ថា លោក Jake Sullivan ទីប្រឹក្សាសន្ដិសុខជាតិសហរដ្ឋអាមេ៉រិក គ្រោងនឹងជួបជាមួយនឹងមន្ត្រីការទូតកំពូលរបស់ចិនលោក Yang Jiechi នៅក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី នៅថ្ងៃចន្ទនេះ។ជាកិច្ចប្រជុំនេះ គឺដើម្បីអនុវត្តការឯកភាពដ៏សំខាន់ដែលសម្រេចបានដោយប្រមុខរដ្ឋចិន និងសហរដ្ឋអាមេ៉រិកនៅក្នុងកិច្ចប្រជុំកំពូលនិម្មិតរបស់ពួកគេនៅក្នុងខែវិច្ឆិកាឆ្នាំមុននេះ៕