ភ្នំពេញ៖ កញ្ញា សុខ ណាវីន គឺជាអ្នកនិពន្ធប្រលោមលោកបែបបរទេស ដែលប្រិយមិត្តអ្នកអានស្គាល់ថា អាយរីស (Iris)។ កញ្ញាបានចាប់ផ្ដើមសរសេររឿង តាំងពីខែ មិថុនា ឆ្នាំ ២០១៧ និងបានចេញផ្សាយសៀវភៅជាផ្លូវការនៅឆ្នាំ២០១៨។ សៀវភៅរឿងដែលបានចេញផ្សាយដំបូងគឺរឿង«ក្រសោបស្នេហ៍ថែបេះដូង»។
តាមរយៈការសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ កញ្ញា ណាវីន បានអោយដឹងថា កញ្ញាបានបញ្ចប់ការសិក្សាថ្នាក់ទី១២ ពីវិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី ផ្សារដើមថ្កូវនូវឆ្នាំ២០១៥ និងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជំនាញ ទេសចរណ៍ និង បដិសណ្ឋារកិច្ច ពីសាកលវិទ្យាល័យ ជាតិគ្រប់គ្រងនូវឆ្នាំ ២០១៩។
បច្ចុប្បន្នកញ្ញា ណាវីន កំពុងតែធ្វើការនៅស្ថាប័នឯកជនមួយកន្លែង និងជាអ្នកនិពន្ធប្រលោមលោកបរទេសម្នាក់ផងដែរ។ បើទោះកញ្ញាមានអាជីពផ្សេងទៀត ក្រៅពីការតែងនិពន្ធ ប៉ុន្ដែទៅថ្ងៃអនាគតកញ្ញាមិនបោះបង់ការនិពន្ធរឿងឡើយ។ កញ្ញាសង្ឃឹមថា ថ្ងៃអនាគតនឹងអាចយកអាជីពជាអ្នកនិពន្ធនេះជាការងារចំបងផងដែរ។
កញ្ញាណាវីន បាននិយាយថា មូលហេតុដែលកញ្ញាចាប់យកការតែងនិពន្ធ ដោយសារតែកញ្ញាស្រឡាញ់ការតែងនិពន្ធ ហើយការតែងនិពន្ធនេះ គឺដូចជាផ្នែកមួយនៃកញ្ញាផងដែរ។ កញ្ញាក៏ចង់លើកស្ទួយវិស័យតែងនិពន្ធនៅកម្ពុជាអោយកាន់តែរីកដុះដាល និងចង់ជួយបង្ហាត់បង្រៀនប្អូនៗអ្នកនិពន្ធជំនាន់ក្រោយ ដើម្បីចាប់អាជីពជាអ្នកនិពន្ធផងដែរ។ ម្យ៉ាងវិញទៀត កញ្ញាចូលចិត្តអានប្រលោមលោកតាំងពីថ្នាក់ទី៦ ទើបកញ្ញាចង់សាកល្បងសរសេររឿង ដើម្បីស្ទាបស្ទង់មើលថាតើកញ្ញាមានដុងផ្នែកតែងនិពន្ធនេះឬអត់។
កញ្ញា ណាវីន បានបន្ដថា កញ្ញាបានចាប់ផ្ដើមសរសេររឿងតាំងពីខែមិថុនា ឆ្នាំ២០១៧។ បច្ចុប្បន្នកញ្ញាជាអ្នកនិពន្ធនៅក្នុងក្រុមសៀវភៅ មរតកសៀវភៅ (Legacy Books Publisher)។ រហូតមកដល់បច្ចុប្បន្នកញ្ញា បានចេញផ្សាយសៀវភៅចំនួន០៦ចំណងជើង។ ក្នុងនោះមានរឿង ក្រសោបស្នេហ៍ថែបេះដូង គុំនុំស្នេហ៍ស្រីកំណាន់ម៉ាហ្វៀ កិច្ចព្រមព្រៀងកៀងបេះដូងបុប្ផាមុយនិច សំណល់ស្នេហ៍សាតាន Mr.CEO និងភរិយាកំពូលឫក និងទ្រនំស្នេហ៍នាយធំ ជាដើម។
កញ្ញា ណាវីន បានបន្ថែមថា រឿងដែលកញ្ញាបានសរសេរនឹងចេញផ្សាយដំបូងគឺរឿង «ក្រសោបស្នេហ៍ថែបេះដូង»។ ក្នុងចំណោមរឿងដែលបានចេញផ្សាយរួច រឿងដែលទទួលបានការគាំទ្រច្រើនជាងរឿងផ្សេងទៀតគឺរឿង «សំណល់ស្នេហ៍សាតាន»
កញ្ញា ណាវីន បានប្រាប់អោយដឹងថា អំឡុងពេលសរសេររឿង កញ្ញាមានការបាក់ទឹកចិត្ត ដោយសារមិនសូវមានសន្ទុះនៃការគាំទ្រពីមិត្តអ្នកអាន។ ការហត់នឿយដោយសារការងារខាងក្រៅដែលធ្វើឲ្យប៉ះពាល់ដល់គំនិតនិងស្មារតី ទើបរកនឹកសាច់រឿងព្រាងទុកមិនចេញ។ សាច់រឿងសរសេរចេញមកគឺមិនដូចការព្រាងទុក ឬសាច់រឿងមានបែកខ្ញែកច្រើនពេកដែលធ្វើឲ្យពិបាកក្នុងការបង្កើតឈុតឲ្យមានភាពប្រទាក់ក្រឡាជាដើម។
កញ្ញា ណាវីន បានបន្ដថា បើទោះបីជារឿងបានចេញផ្សាយហើយក៏ដោយ ក៏នៅតែជួបផលវិបាកដែរ។ មានការលួចចម្លងស្នាដៃរបស់កញ្ញាដោយខុសច្បាប់(ថតសាច់រឿងពីសៀវភៅយកទៅចម្លងធ្វើជា PDF File ដើម្បីលក់បន្តដោយគ្មានការអនុញ្ញាត្តិ)។ ដូច្នេះហើយធ្វើអោយការលក់សៀវភៅមានការធ្លាក់ចុះក៏ព្រោះប្រិយមិត្តអ្នកអានមួយចំនួនលួចអានស្នាដៃរបស់កញ្ញាជា PDF។
រាល់ថ្ងៃនេះ កញ្ញាណាវីន កំពុងតែសរសេររឿង៣ចំណងជើងផងដែរ។ ក្នុងនោះមានរឿង សម្ពន្ធភាពសម្ងាត់ កុលាបបាក់បន្លា បំពេស្នេហ៍អធិរាជផ្តាច់ការ ជាដើម។ ហើយរឿងដែលកញ្ញា នឹងចេញផ្សាយនៅក្នុងឆ្នាំ២០២២នេះ គឺរឿង «បំពេស្នេហ៍អធិរាជផ្ដាច់ការ»៕