
ហូជីមិញ៖ ប្រជាជនវៀតណាមមួយចំនួនធំ បានកំពុងប្រញាប់ប្រញាល់ទៅទិញប្រេងសាំងទុក ចាប់តាំងពីតម្លៃលក់រាយត្រូវបានគេរំពឹងថា នឹងកើនឡើងខ្ពស់ ក្រោយពីមានសង្គ្រាមនៅអ៊ុយក្រែន។ពលរដ្ឋខ្លះ បានតម្រង់ជាជួររយៈពេល ១៥ នាទី ទៅ ២០នាទីនៅស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ដើម្បីចាក់សាំងឲ្យពេញម៉ូតូរបស់ពួកគាត់មុននឹងការប្រកាសឡើងថ្លៃបន្ត។
ចំណែកពលរដ្ឋខ្លះទៀត បានប្រញាប់ប្រញាល់ទៅចាក់សាំងឲ្យពេញក្រោយទទួលដំណឹងថា តម្លៃសាំងនឹងឡើងដល់ ៣០,០០០ ដុង (១,២៩ ដុល្លារ) ក្នុងមួយលីត្រ និងខ្ពស់ជាងនេះទៅថ្ងៃអនាគត។ ប្រជាជនវៀតណាមបាននិយាយថា ការឡើងថ្លៃម្ហូបអាហារ និងតម្លៃផ្សេងៗបានគំរាមគំហែងកាបូបលុយរបស់ពួកគាត់រួចជាស្រេច ដែលជះឥទ្ធិពលដល់សេដ្ឋកិច្ចពលរដ្ឋវៀតណាមជាខ្លាំង។
យ៉ាងណាមិញបុគ្គលិកនៅស្ថានីយ៍ប្រេងឥន្ធនៈនៅ Go Vap បានប៉ាន់ប្រមាណថា ចំនួនអតិថិជនបានកើនឡើងទ្វេដងពីមួយថ្ងៃមុន។ នៅទីក្រុងហាណូយ ស្ថានីយប្រេងក៏មានមនុស្សច្រើនជាងធម្មតា។ ចំណែកប្រធានផ្នែកលក់នៅក្រុមហ៊ុនចែកចាយឥន្ធនៈនៅទីក្រុងហាណូយ បាននិយាយថា ការលក់បានកើនឡើង ៣០ ភាគរយកាលពីថ្ងៃព្រហស្បតិ៍ ហើយត្រូវបានគេរំពឹងថា ការលក់នឹងបន្តកើនឡើងទ្វេដង៕