ត្បូងឃ្មុំ៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ដែលមានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលជាច្រើនរូបទៀត។
នៅក្នុងឱកាសនេះ ឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឱ្យដឹងថា គម្រោងសាងសង់មន្ទីរពេទ្យនេះ គឺជាគម្រោងធំទី២ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដោយគម្រោងធំទី១ អគារមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ ដែលត្រៀមនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះ។
ទន្ទឹមនឹងនេះ ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជាសង្ឃឹមថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ អាចដំណើរការបានល្អ ព្រមទាំងនឹងដើរតួនាទីត្រឹមត្រូវ ក្នុងការការពារអាយុជីវិត និងសុខភាពរបស់សាធារណៈរបស់ប្រជាជន។
ឆ្លៀតក្នុងឱកាសនោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ថ្ងៃនេះ កម្ពុជា បានទទួលសមិទ្ធផលថ្មីមួយទៀត ដែលបានកើតចេញពីផ្លៃផ្កា នៃទំនាក់ទំនងមិត្តភាពសាមគ្គីភាពរវាង កម្ពុជា-ចិន។ សម្ដេចបានបន្ថែមថា មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ត្បូងឃ្មុំ មិនត្រឹមតែបម្រើប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំប៉ុណ្ណោះទេ តែក៏ជាមន្ទីរពេទ្យបម្រើ និងផ្តល់សេវាជូនប្រជាពលរដ្ឋ ក្នុងខេត្តជាប់ត្បូងឃ្មុំ និងខេត្តជិតៗនេះផងដែរ។
សូមជម្រាបជូនដែរថា មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ត្បូងឃ្មុំ ដែលជាមន្ទីរពេទ្យដ៏ទំនើបជាលើកដំបូងនៅលើដីនៅខេត្តត្បូងឃ្មុំ ដែលជាខេត្តទើបបង្កើតចុងក្រោយគេ។ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ សាងសង់លើផ្ទៃដីទំហំ ២៤,៣០០ម៉ែត្រការ៉េ លើទំហំផ្ទៃដីសរុប ៥៥,៨១៥ម៉ែត្រការ៉េ។ មន្ទីរពេទ្យនេះ បានចំណាយទឹកប្រាក់ជិត ៥០លានដុល្លារអាមេរិក ជាជំនួយឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន៕