Cctimesw1140xh150cm copy

រៀននៅសាកលវិទ្យាល័យ និស្សិតនឹងជួបផលលំបាកអ្វីខ្លះ?

យុវជន
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
កញ្ញា សុភក្រ័ កក្កដា ជានិស្សិត ឆ្នាំទី ៥ ផ្នែកគីមីចំណីអាហារ នៃវិទ្យាស្ថានបច្ចេកវិទ្យាទិចណូ កំពុងធ្វើបទបង្ហាញ។ 

ភ្នំពេញ៖ ការសិក្សារៀនសូត្រគឺជាការបណ្ដាក់ទុនលើផ្នែកអប់រំដែលមិនចេះរីងស្ងួតដែលគ្រប់គ្នាត្រូវការចាំបាច់។ ទន្ទឹមនឹងនោះ ក្នុងនាមជានិស្សិតដែលបន្តការសិក្សានៅសាកលវិទ្យាល័យ រមែងជួបបញ្ហា និងផលលំបាកផ្សេងៗគ្នា។ តើពួកគេទាំងនោះជួបផលលំបាកមកពីកត្តាអ្វី ហើយគេដោះស្រាយតាមវិធីណា? ខាងក្រោមនេះ គឺជាការចែករំលែកបទពិសោធន៍របស់និស្សិតមួយចំនួនដែលគាត់ជួបប្រះទះនឹងបញ្ហានេះ។

បន្ទាប់ពីចប់បាក់ឌុប សម័យប្រឡងឆ្នាំ ២០១៦ កញ្ញា ម៉ម ចាន់ពិដោរ ជានិស្សិតមកពីខេត្តរតនគិរី បានសម្រេចចិត្តបន្តការសិក្សានៅទីក្រុងភ្នំពេញ ដើម្បីសម្រេចក្ដីស្រមៃខ្លួននៅក្នុងវិថីជានិស្សិតសាកលវិទ្យាល័យ ដោយសិក្សាជំនាញ ទំនាក់ទងអន្តរជាតិ នៅសាកលវិទ្យាល័យក្នុងក្រុងមួយ។

និស្សិតរូបនេះ បានលើកឡើងពីផលលំបាកមួយចំនួនដែលខ្លួនបានជួបប្រទះកន្លងមកថា៖ «ដោយសារតែខ្ញុំជាសិស្សមកពីខេត្តឆ្ងាយ ផលលំបាកទីមួយគឺ ត្រូវនៅឆ្ងាយពីគ្រួសារ អាចនិយាយបានថាខ្លះការយកចិត្តទុកដាក់ពីគ្រួសារ ខ្វះភាពកក់ក្ដៅ។ ផលលំបាកទីពីរ គឺបញ្ហាខ្វះខាតថវិការ ព្រោះនៅភ្នំពេញត្រូវការចំណាយច្រើនទាំងការរៀនសូត្រ និងការរស់នៅប្រចាំថ្ងៃ ជាហេតុដែលខ្ញុំត្រូវរកការងារបន្ថែមដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃ បន្ថែមពីការផ្គត់ផ្គង់ពីគ្រួសារ»។

កញ្ញាបន្តថា បើនិយាយពីការរៀនសូត្រវិញនៅសាកលវិទ្យាល័យមានភាពលំបាកច្រើន បើប្រៀបនិងវិទ្យាល័យ អាចនិយាយបានថានៅវិទ្យាល័យយើងគ្រាន់តែរៀនចាំរូបមន្ត កត់តែមេរៀន និងចាំតែប្រឡងធ្វើមិចឱ្យជាប់ តែផ្ទុយទៅវិញនៅសាកលវិទ្យាល័យ គឺរៀនមានការស្រាវជ្រាវច្រើន មានការងារគ្រូតម្រូវឱ្យធ្វើច្រើន។

ក្នុងនោះដែរ និស្សិតរូបនេះបន្តថា ដោយសារតែខ្លួនមានទម្លាប់មួយគឺ រៀនតែមួយយប់មុន ឬហៅថា one night policy ពេលគ្រូដាក់កិច្ចការមកមិនធ្វើទេ ទាល់តែដក់ថ្ងៃបានធ្វើ ចឹងវាធ្វើឱ្យការងារនឹងបន្ទាន់ ហើយធ្វើមិនបានល្អនោះទេ នេះគឺដោយសារតែមិនមានកាលវិភាគច្បាស់លាស់ និងមិនមានការតាំងចិត្តរៀន។

អាចនិយាយបានថា ដោយសារតែរូបគេត្រូវធ្វើការបណ្ដើររៀនបណ្ដើរ ដែលជាទូទៅម៉ោងធ្វើការច្រើនជាងម៉ោងរៀន ជាហេតុមិនអាចផ្ចង់អារម្មណ៍ និងគ្រប់គ្រងពេលវេលាបានស៊ីសង្វាក់គ្នា ទើបជាហេតុបណ្ដាលឱ្យមានបញ្ហាបែបនេះ។

ក្នុងនោះដែរ និស្សិតរូបនេះក៏បានលើកឡើងដែរថា ការគ្រប់គ្រងពេលវេលា គឺពិតជាសំខាន់ណាស់ក្នុងជីវិតរស់នៅ ជាពិសេសគឺការរៀននៅសាកលវិទ្យាល័យនេះតែម្ដង បើការបែងចែកពេលវេលាមិនបានច្បាស់លាស់ទេ ពោលគឺប៉ះពាល់ដល់ការសិក្សាដូចជាករណីគេផ្ទាល់តែម្ដង។ មិនតែប៉ុណ្ណោះ នាងបន្តថា គួរតែប្រឹងរៀនសិនទៅ សម្រាប់អ្នករៀនផងធ្វើការផង គួរតែកុំផ្ដោតសំខាន់លើការងារពេក គួរតែបែងចែកពេលវេលា និងចំណាយលើការរៀនឱ្យច្រើនជាងធ្វើការ។

ចំណែក កញ្ញា ចន្ទ័ មហាសេដ្ឋនី បានលើកឡើងថា ផលលំបាកដែលខ្លួនជួបក្នុងបរិបទដែលរៀននៅសាកលវិទ្យាល័យនោះគឺត្រង់ថា៖ ខ្លួនរៀនពីរសាលា និងឆ្លៀតធ្វើការផង ជាហេតុបណ្ដាលឱ្យរូបគេ បាត់បង់ចំណង់ក្នុងការរៀនសូត្រ និងបែងចែកពេលវេលាមិនបានល្អ។

កញ្ញាបន្តថា ដោយសារតែមេរៀននៅសាកលក៏ពិបាក ត្រូវការពេលវេលាស្រាវជ្រាវច្រើន ហើយរូបគេមិនបានបែងចែកពេលវេលាច្បាស់លាស់ទើបជាហេតុធ្វើឱ្យរៀនមិនសូវបានល្អ ពេលខ្លះមកពីធ្វើការអស់កម្លាំងទៅហើយ គ្មានសូម្បីអារម្មណ៍អានសៀវភៅ ឬស្ដាប់គ្រូក៏មាន ជួនកាលធ្លាប់គិតថាចង់ឈប់រៀនម្ដងៗដែរ។

ចំណែក កញ្ញា សុភក្រ័ កក្កដា ជានិស្សិត ឆ្នាំទី ៥ ផ្នែកគីមីចំណីអាហារ នៃវិទ្យាស្ថានបច្ចេកវិទ្យាទិចណូ លើកឡើងថា៖« ការរៀននៅវិទ្យាល័យគឺរៀនតាមតែគ្រូដាក់មេរៀនឱ្យទេ ហើយមេរៀន និងលំហាត់ក៏វាស្រួលដែរមិនមានការលំបាកអីទេ តែពេលចូលដល់ ជីវិតក្នុងសាកលវិទ្យាល័យវិញបានដឹងថា គ្រប់យ៉ាង គឺវាផ្ទុយគ្នាប្ដូរពីបាត់ដៃទៅខ្នងដៃ»។

និស្សិតរូបនេះ បន្តថា កាលពីរូបគេចូលរៀនដំបូងគឺត្រូវរៀនជាភាសាបារំាង និងអង់គ្លេស ម្យ៉ាងទាក់ទងនឹងមេរៀនពិបាកមិនសូវយល់ ព្រោះគ្រូនៅសាកលវិទ្យាល័យគាត់មិនមានពេលគ្រប់គ្រាន់ដើម្បីពន្យល់ នោះទេ ម្យ៉ាងសិស្សច្រើន ហើយរៀនត្រូវប្រកួតប្រជែងជាមួយសិស្សតាមខេត្តដូចគ្នា និងសិស្សខ្លាំងៗនៅភ្នំពេញស្រាប់ ដូចនេះការរៀនគឺវាជួបការប្រកួតប្រជែង និងផលវិបាកច្រើន។

ទាក់ទងនឹងការងារសាលា រៀនជួនកាលមួយឆមាសរៀនដប់មុខ ហើយគ្រូម្នាក់មានការងារឱ្យធ្វើយ៉ាងតិចមួយ ហើយកំណត់យកចំថ្ងៃដំណាលៗគ្នា ជួនការងារស្រាវជ្រាវនោះ ដាក់មកយើងអត់យល់ក៏មាន ដូចនេះសម្រាប់ខ្ញុំផ្ទាល់ ចំពោះមុខជំនាញដែលខ្ញុំរៀន គឺមានផលលំបាកច្រើនបើធៀបនឹងជីវិតជាសិស្សវិទ្យាល័យ។ នេះជាការលើកឡើងរបស់ និស្សិត កក្កដា។

កញ្ញាបានបន្ថែមដែរថា រៀននៅសាកលគឺទាមទារឱ្យស្រាវជ្រាវច្រើន អានឱ្យបានច្រើន ដើម្បីស្វែងយល់បន្ថែមពីមេរៀន និងកិច្ចការស្រាវជ្រាវផ្សេងៗដែលគ្រូដាក់ឱ្យ។ដូចនេះ ជាដំណោះស្រាយ គឺរូបគេតែងខិតខំ និងយកចិត្តទុកដាក់រៀនសូត្របន្ថែម ដើម្បីពង្រឹងចំណុចដែលខ្វះខាត។មិនតែប៉ុណ្ណោះ គឺត្រូវចេះគ្រប់គ្រងពេលវេលាឱ្យបានល្អ ក្នុងការបែងចែកកាលវិភាគរៀន និងចេះកត់ត្រាចំណុចសំខាន់ៗ ព្រោះទោះបីមានកាលវិភាគរៀននៅសាលាក៏ដោយ ក៏យើងត្រូវមានកាលវិភាគរៀនបន្ថែមនៅផ្ទះទៀតដែរ បើមិនដូច្នេះទេ គឺរៀនទាំងត្រដរខ្យល់មិនខាន។

ជាចុងក្រោយ និស្សិតរូបនេះក៏បានលើកទឹកចិត្តដែរថា ទោះបីជាស្ថានការបែបណា កុំបាក់ទឹកចិត្ត កាលបើបាក់ទឹកចិត្តនោះការរៀនសូត្ររបស់យើងនឹងកាន់តែដុនដាបទៅៗ ម្យ៉ាងត្រូវចាំថា គ្រប់សមិទ្ធផល គឺកើតមកដោយការព្រៀងទុក ក្នុងនាមជាអ្នកសិក្សាត្រូវដឹងពីតួនាទីខ្លួន ចេះគ្រប់គ្រងពេលវេលា និងខំដុសខាត់សមត្ថភាពបន្ថែម ហើយប្រកាន់ភ្ជាប់នូវវិន័យផងដែរ ទើបទទួលបានជោគជ័យលក្នុងជីវិតសិក្សា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង