
WHO ៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវាយប្រហារលើមូលដ្ឋានសុខាភិបាលក្នុងប្រទេសអ៊ុយក្រែន ហើយបានបញ្ជូនគ្រឿងបរិក្ខារពេទ្យសំខាន់ៗមួយចំនួនទៅកាន់ប្រទេសក្នុងជម្លោះយោធាជាមួយរុស្ស៊ី។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃអង្គារ ប្រធានអង្គការសុខភាពពិភពលោក Tedros Ghebreyesus បាននិយាយថា WHO បានទទួលរបាយការណ៍នៃការវាយប្រហារលើមន្ទីរពេទ្យមួយក្នុងប្រទេសអ៊ុយក្រែនកាលពីសប្តាហ៍មុន ដែលក្នុងនោះមនុស្ស ៤ នាក់បានស្លាប់ និង ១០ នាក់ផ្សេងទៀតបានរងរបួស។ ហើយការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តដំបូងគេរំពឹងថា នឹងទៅដល់ប្រទេសប៉ូឡូញនៅថ្ងៃព្រហស្បតិ៍។
មុនពេលមានជម្លោះ អង្គការបានបែងចែកប្រាក់ចំនួន ៥.២ លានដុល្លារអាមេរិក ដើម្បីទិញ និងដឹកជញ្ជូនសម្ភារៈសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យចំនួន ២៣ នៅអ៊ុយក្រែន។
WHO ក៏បានចង្អុលបង្ហាញថា អ៊ុយក្រែនកំពុងប្រឈមមុខនឹងការកើនឡើងនៃករណីកូវីដ-១៩ និងកង្វះអុកស៊ីហ្សែនយ៉ាងធ្ងន់ធ្ងរ។ យ៉ាងហោចណាស់រោងចក្រអុកស៊ីហ្សែនធំៗចំនួនបីក្នុងប្រទេសអ៊ុយក្រែនត្រូវបានបិទ។
អង្គការនេះបានកត់សម្គាល់ថា ចលនាប្រជាជនដ៏ធំចំពេលមានជម្លោះនឹងពន្លឿនការរីករាលដាលនៃកូវីដ១៩ ហើយដូច្នេះធ្វើឱ្យប្រព័ន្ធសុខភាពចុះខ្សោយនៅក្នុងប្រទេសជិតខាង៕