
នូវែលសេឡង់៖ រូបភាពពីខាងក្រៅអគារសភានៃប្រទេសនូវែលសេឡង់ បានបង្ហាញពីការប៉ះទង្គិចគ្នាដោយហិង្សាកាលពីថ្ងៃពុធ រវាងប៉ូលិស និងក្រុមបាតុករប្រឆាំងការចាក់វ៉ាក់សាំងកាតព្វកិច្ច ដែលបានធ្វើបាតុកម្មនៅទីនោះរយៈពេលជិតបួនសប្តាហ៍។
មន្ត្រីរាប់រយនាក់ ដែលប្រើឧបករណ៍កុបកម្មបានចល័តចូលទៅក្នុងជំរុំ ដែលក្រុមបាតុករបានប្រមូលផ្តុំគ្នា បំផ្លាញតង់ រុះរើរថយន្ត និងធ្វើការចាប់ខ្លួនចំនួន ៣៨ នាក់។
ថ្លែងទៅកាន់ស្ថានការណ៍នៅក្នុងសភាកាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ Jacinda Arden បាននិយាយថា មន្ត្រីប៉ូលិសមួយចំនួនបានរងរបួសក្នុងការប៉ះទង្គិចគ្នានេះ ប៉ុន្តែមិនបានបញ្ជាក់ពីតួលេខពិតប្រាកដនោះទេ។
នៅចំណុចមួយ ភ្លើងជាច្រើនត្រូវបានគេឃើញនៅក្នុងបរិវេណសភា រួមទាំងកន្លែងមួយនៅសួនកុមារសាធារណៈ ដោយមានផ្សែងបានហោះឡើង។ ក្រុមអ្នកតវ៉ាត្រូវបានគេរាយការណ៍ថា បានគប់សម្ភារៈទៅលើភ្លើងហើយត្រូវបានពន្លត់ដោយអាជ្ញាធរ។
ការតវ៉ាបានផ្ទុះឡើងបន្ទាប់ពីមានបាតុកម្មជាសាកលប្រឆាំងនឹងចាក់វ៉ាក់សាំងកាតព្វកិច្ច រួមទាំងជាពិសេសរថយន្តដឹកទំនិញ 'Freedom Convoy' ដែលបានបិទតំបន់ជិតសភារបស់ប្រទេសកាណាដាដើម្បីប្រឆាំងនឹងតម្រូវការដែលប៉ះពាល់ដល់កម្មករ ដែលផ្លាស់ប្តូរទៅមករវាងកាណាដា និងសហរដ្ឋអាមេរិក៕