ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអំពាវនាវឲ្យពលរដ្ឋសន្សំសំចៃក្នុងការប្រើប្រាស់ទឹក នៅរដូវប្រាំង ដោយសារបញ្ហាទន្លេមេគ្គងក្នុងរយៈពេលប្រាំឆ្នាំនេះ គឺទឹកទន្លេស្រកផុតពីប្រក្រតីប្រមាណជា១ម៉ែត្រ និងបច្ចុប្បន្នកំណើននៃសកម្មភាពសេដ្ឋកិច្ចនៅភ្នំពេញ និងក្រុងតាខ្មៅ មានការកើនឡើងយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យតម្រូវការប្រើប្រាស់ទឹកស្អាតកើនខ្ពស់លើសពីសមត្ថភាពផលិត។
លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះថា ដោយពិនិត្យឃើញថា ការខ្វះទឹកនារដូវប្រាំងឆ្នាំ២០២២នេះ ជាការខ្វះទឹកស្អាតប្រើប្រាស់ចុងក្រោយ រ.ទ.ស.ភ បានអំពាវនាវដល់ពលរដ្ឋទាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ជួយសន្សំសំចៃទឹកស្អាត ដើម្បីចែករំលែកទឹកទៅដល់អតិថិជនផ្សេងទៀត ជាពិសេសអតិថិជនរស់នៅក្នុងតំបន់ជាយក្រុងដែលមានសម្ពាធទឹកខ្សោយ។
លោក ឡុង ណារ៉ូ បានថ្លែងថា ក្រុងការងារដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានកំណត់ថា នៅរដូវប្រាំង ទឹកទន្លេត្រូវមានទឹកកម្ពស់៣ម៉ែត្រ ដើម្បីបូម ធានាទឹកបញ្ចូលទៅក្នុងប្រព័ន្ធប្រព្រឹត្តកម្ម ដោយបច្ចុប្បន្ននេះ កម្ពស់ទឹកទន្លេនៅសល់កម្ពស់ត្រឹមតែ២ម៉ែត្រ ដែលធ្វើឲ្យនីវ៉ូទឹកទាប ដូច្នេះជាហេតុដែលធ្វើឲ្យខ្វះខាតការផ្គត់ផ្គង់ទឹកទៅដល់ពលរដ្ឋ។ បច្ចុប្បន្ននេះ នៅទីក្រុងភ្នំពេញសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់នៅ ប្រមាណពី១០០០-២០០០ម៉ែត្រគូបក្នុងមួយម៉ោង ដែលធ្វើឲ្យខ្វះខាតទឹកស្អាតនៅតំបន់ខ្លះក្នុងរាជធានីភ្នំពេញ៕