
ហុងកុង៖ ការសាងសង់មន្ទីរពេទ្យចល័តមួយ ដែលមានទីតាំងនៅកោះ Tsing Yi នៃតំបន់រដ្ឋបាលពិសេសហុងកុង ត្រូវបានបញ្ចប់កាលពីថ្ងៃចន្ទ ដោយមានការគាំទ្រពីរដ្ឋាភិបាលចិនដីគោក ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ។
ជាមួយនឹងការសាងសង់បានចាប់ផ្តើមនៅថ្ងៃទី ២២ ខែកុម្ភៈ នេះ គឺជាមន្ទីរពេទ្យចល័តដំបូងគេ ដែលត្រូវបានសាងសង់នៅក្នុងទីក្រុងហុងកុង ចាប់តាំងពីរលកទី ៥ នៃកូវីដ១៩ បានចាប់ផ្តើមនៅក្នុងតំបន់កាលពីដើមខែកុម្ភៈ។ មន្ទីរពេទ្យចល័ត មានសមត្ថភាពផ្ទុកច្រើនជាង ៣,៨០០ នាក់ បន្ទាប់ពីបានដាក់ឱ្យប្រើប្រាស់ ។
មន្ទីរពេទ្យ គឺជាការរួមបញ្ចូលគ្នានៃបន្ទប់តូចៗ ដែលមានគ្រឿងសង្ហារឹម និងពូក ជាមូលដ្ឋាន ម៉ាស៊ីនត្រជាក់ និងឧបករណ៍ចាប់ផ្សែង និងឧបករណ៍ពន្លត់អគ្គីភ័យ ដែលបានដំឡើងនៅក្នុងបន្ទប់នីមួយៗ។
ដោយសាទរពីល្បឿននៃការសាងសង់របស់ខ្លួននៅពេលត្រួតពិនិត្យមន្ទីរពេទ្យកាលពីថ្ងៃចន្ទ លោកស្រី Carrie Lam នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បាននិយាយថា គម្រោងនេះបានផ្តល់នូវការជំរុញមួយសម្រាប់ការងារប្រឆាំងការរីករាលដាលក្នុងតំបន់។
ហុងកុងកាលពីថ្ងៃច័ន្ទ ក៏បានទទួលក្រុមអ្នកជំនាញវេជ្ជសាស្រ្ដដីគោកក្រុមទី ៣ ដែលដឹកនាំដោយលោក Liang Wanniian ប្រធានក្រុមការងារនាំមុខគេនៃកូវីដ១៩ នៃគណៈកម្មាធិការសុខភាពជាតិ។ ក្រុមនេះបង្កើតឡើង ដោយអ្នកជំនាញផ្នែកគ្រប់គ្រងការរាតត្បាតចំនួន ៥ ។
អ្នកជំនាញនឹងចែករំលែកបទពិសោធន៍របស់ពួកគេជាមួយអ្នកជំនាញផ្នែកវេជ្ជសាស្ត្រក្នុងទីក្រុងហុងកុង ស្តីពីការថែទាំអ្នកជំងឺកូវីដ១៩ ធ្ងន់ធ្ងរ និងវិធីកាត់បន្ថយចំនួននៃការឆ្លង និងអត្រាមរណភាពក្នុងពេលមានជំងឺរាតត្បាត៕