Cctime 6monthsfree desktop
Cc times  web banner kh (2)

ខេត្តកែប ជាខេត្តទី១ «អស់គ្រាប់មីនប្រឆាំងមនុស្ស»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី​
/

កែប៖ អង្គការស៊ីម៉ាក់ (CMAC) បានបង្ហាញថា ខេត្តកែប ជាខេត្តទី១ ដែលអស់មីនប្រឆាំងមនុស្ស។ ខេត្តកែបមានចម្ការគ្រាប់មីនចំនួន ២៧ ទីតាំង គិតជាផ្ទៃដីមានទំហំជាង ៤៣០ ហិចតា ។ ក្រោយបញ្ចប់កិច្ចប្រតិបត្តិការ អង្គភាពស៊ីម៉ាក់បានរកឃើញគ្រាប់មីនចំនួនជាង ៧០០ គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ៦០១ គ្រាប់។

ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ ជាអនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា កម្ពុជាបានទទួលរងគ្រោះដោយសារសង្រ្គាមរ៉ាំរ៉ៃចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០មានទាំងបញ្ហាមីន និងបញ្ហាយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ភូមិអស់មីន ឬខេត្ត អស់មីនមិនមែនជាភូមិ ឬជាខេត្តអស់បញ្ហាយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀតនោះទេ។ ជាក់ស្ដែងខេត្តកែប អស់មីន ប៉ុន្តែមិនទាន់អស់បញ្ហាគ្រាប់មិនទាន់ផ្ទុះពីសង្រ្គាមទេ។

ឯកឧត្ដមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ដើម្បីគាំទ្រដល់ផែនការអាទិភាពរបស់ រាជរដ្ឋាភិបាល និងឈានទៅសម្រេចបាននូវចក្ខុវិស័យ “កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥” អាជ្ញាធរមីន បានរៀបចំនូវគោលការណ៍ណែនាំ ស្តីពីការអនុវត្តយន្តការភូមិអស់មីន ដែលនឹងធានាថារាល់ចម្ការ មីនទាំងអស់ ដែលមាននៅក្នុងភូមិត្រូវបានបោសសម្អាតក្នុងគោលដៅជួយពន្លឿនដល់ការបោស សម្អាតមីន និងទាក់ទាញនូវការចូលរួមគាំទ្រពីម្ចាស់ជំនួយថ្មីៗនិងវិស័យឯកជនបន្ថែមទៀត។

អាជ្ញាធរមីន បាននឹងកំពុងចលានាកៀរគរ ធនធានហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍ប្រទេស ជាមិត្តប្រតិបត្តិករ បោសសម្អាតមីនជាតិ-អន្តរជាតិ អ្នកវិនិយោគិន និងសប្បុរសជននានា ដើម្បីទទួលការគាំទ្រ និងធ្វើ ការបោសសម្អាត ដោយចាប់ផ្តើមពីភូមិមួយទៅភូមិមួយ និងពីខេត្តមួយទៅខេត្តមួយ ក្រោមការដឹកនាំ និងសម្របសម្រួលរបស់អាជ្ញាធរមីន ហើយការប្រកាសភូមិអស់មីន ឬខេត្តអស់មីន ត្រូវរៀបចំ និង ទទួលស្គាល់ពីអាជ្ញាធរមីនក្នុងនាមអាជ្ញាធរមីន ជាស្ថាប័នសាធារណៈរបស់រដ្ឋ និងជាសេនាធិការតែ មួយគត់ឲ្យរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង ដឹកនាំ សម្របសម្រួល និងត្រួតពិនិត្យវិស័យមីនទូទាំងប្រទេស ។

ឯកឧត្តមលី ធុជ បានថ្លែងទៀតថា កម្ពុជាបានកំណត់នូវវិសាលភាព និងទំហំផលប៉ះពាល់ យ៉ាង ច្បាស់ ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះទូទាំងប្រទេស គិតត្រឹមឆ្នាំ ២០២១ កម្ពុជានៅ សល់ផ្ទៃដីមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន ២០១៧ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីន ៧៨៨ គីឡូម៉ែត្រក្រឡា ដែលកម្ពុជាត្រូវបោសសម្អាតឲ្យអស់ត្រឹមឆ្នាំ ២០២៥។

ឯកឧត្តមលី ធុជ បានបញ្ជាក់ថា កម្ពុជាគ្រោងនឹងប្រកាស រាជធានី ខេត្តចំនួន ០៧ ទៀតអស់មីន ក្នុងឆ្នាំ២០២២ រួមមាន ខេត្តព្រៃវែង ខេត្តកណ្តាល ភ្នំពេញ ខេត្តកំពង់ចាម ខេត្តព្រះសីហនុ ខេត្តរតនគិរី និងខេត្ត តាកែវ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង