Yearendyearend1140x150

កម្ពុជាប្ដេជ្ញាពង្រឹងការហាមឃាត់ការប្រើប្រាស់ការនាំចូល និងអាជីវកម្មបារីអេឡិចត្រូនិក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ អាជ្ញាធរមានសមត្ថកិច្ចទូទាំង២៥រាជធានី-ខេត្ត ប្ដេជ្ញាពង្រឹងការហាមឃាត់ការប្រើប្រាស់ ការនាំចូល និងការធ្វើអាជីវកម្មបារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី (HTPs)ដើម្បីកុំឱ្យបង្ក គ្រោះថ្នាក់ធ្ងន់ធ្ងរ និងការចម្លងជំងឺពីម្នាក់ទៅម្នាក់ដោយសារការប្រើប្រាស់រួមគ្នាជាពិសេសជំងឺកូវីដ-១៩។

ថ្លែងក្នុងសិក្ខាសាលាស្តីពីការ ហាមឃាត់ ការប្រើប្រាស់ ការនាំចូល និងការធ្វើអាជីវកម្មបារីអេឡិកត្រូនិក និងផលិតផលអេចឆ៍ ធី ភី នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២២ ដែលរៀបចំឡើងនៅសាលាមធ្យម សិល្បៈ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិកានៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានហាមឃាត់ការប្រើប្រាស់ ការនាំចូល និងការធ្វើអាជីវកម្មបារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី (HTPs) នៅកម្ពុជា។

លោកឧត្តមសេនីយ៍ទោ លឹមតុង ហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអាជ្ញាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ថា អ្នកពាក់ព័ន្ធមកពីទូទាំងប្រទេសមានគិតគូរយ៉ាងខ្លាំងលើបញ្ហានេះ។ 

គួររម្លឹកផងដែរថា កន្លងមកនេះ ទោះបីជារាជរដ្ឋាភិបាលបានចេញនូវសេចក្ដីណែនាំហាមឃាត់ការប្រើប្រាស់ ការនាំចូល និងការធ្វើអាជីវកម្មបារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី (HTPs) នៅក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០១៤ និងដើមឆ្នាំ២០២១យ៉ាងណាក្ដី ក៏សកម្មភាពនៃការលក់ និងការប្រើប្រាស់នៅមិនទាន់បាត់រលុបចេញពីប្រទេសកម្ពុជានៅឡើយទេ។  

កម្ពុជានៅតែមានអ្នកប្រើប្រាស់ផលិតផលខុសច្បាប់នេះ ហើយពួកគេថែមទាំងហ៊ានបង្ហាញសកម្មភាពនៅលើបណ្ដាញទំនាក់ទំនងសង្គមទៀតផង។ ចំពោះអ្នកនាំចូល និងធ្វើអាជីវកម្មលើផលិតផលខុសច្បាប់ទាំងនេះវិញ គឺបានបញ្ចេញសកម្មភាពលក់យ៉ាងគឃ្លើនមិនថា Post ឬ Live លក់ នៅលើបណ្ដាញទំនាក់ទំនងសង្គម ដូចជា Tik Tok Instagram Telegram និងជាពិសេសគឺ Facebook។ 

ទាក់ទិននឹងការលក់នៅតាមទីតាំងវិញ ឃើញថាមានភាពលាក់បាំងជាង។ អ្នកលក់ខ្លះលក់នៅទីតាំងក្រោមរូបភាពហាងកាហ្វេ ឬហាងផ្សេងទៀត ឯខ្លះទៀតមានលក្ខណៈជាការណាត់ទីតាំងដើម្បីដោះដូរទំនិញ។

លោកវេជ្ជបណ្ឌិតមុំ គង់នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជាបានឱ្យដឹងថា ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី (HTPs) គឺមានគ្រោះថ្នាក់ខ្លាំងណាស់ ក្នុងនោះរួមមានការផ្ទុះដែលបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ និងការចម្លងជំងឺពីម្នាក់ទៅម្នាក់ដោយសារការប្រើប្រាស់រួមគ្នា ជាពិសេសជំងឺកូវីដ-១៩។ 

លើសពីនេះសូលុយស្យុងស្អិត ដែលប្រើនៅក្នុងបារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី គឺមានផ្ទុកនូវសារធាតុគីមីគ្រោះថ្នាក់ជាច្រើនដូចជាសារធាតុគីមីផ្ដល់រសជាតិ នីកូទីន គ្លីសេរីន និងប្រូពីឡែន គ្លីកូលជាដើម។ នីកូទីនគឺធ្វើឱ្យញៀនខ្លាំង ចំពោះស្ត្រីមានផ្ទៃពោះគឺធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់របស់គភ៌ និងបំផ្លាញការអភិវឌ្ឍសមត្ថភាពខួរក្បាល។ 

សម្រាប់យុវជន វានឹងធ្វើឱ្យប៉ះពាល់ដល់ការសិក្សា ការចងចាំ ការផ្ចង់អារម្មណ៍ និងជាផ្លូវមួយនាំពួកគេទៅរកការប្រើប្រាស់គ្រឿងញៀនគ្រោះថ្នាក់ផ្សេងទៀតនាពេលអនាគត។ ចំហាយដែលបានមកពីសូលុយស្យុងស្អិតនេះគឺមានសមត្ថភាពនាំយកសារធាតុគីមីគ្រោះថ្នាក់បង្កជំងឺមហារីកចូលទៅក្នុងសួតបានកាន់តែជ្រៅ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង