ទីក្រុងមូស្គូ៖ ឧត្តមសេនីយឯក Konashenkovអ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា កងទ័ពរុស្ស៊ីបានវាយកម្ទេចទីតាំងយោធាចំនួន ៧៤ របស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅយប់ថ្ងៃទី២៤នេះ។
លោក Konashenkov បាននិយាយថា "ក្រោមការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី ទីតាំងយោធាចំនួន៧៤កន្លែងរបស់អ៊ុយក្រែនត្រូវបានកម្ទេច។ ទីតាំងទាំងនេះរួមមានទីតាំងទ័ពអាកាសចំនួន១១កន្លែង ទីបញ្ជាការយោធាចំនួន ៣កន្លែង បន្ទាយកងទ័ពជើងទឹក១កន្លែង និងស្ថានីយរ៉ាដាចំនួន១៨កន្លែង។
លោកបាននិយាយថា ឧទ្ធម្ភាគចក្រយោធាមួយចំនួននិងយន្តហោះគ្មានមនុស្សបើកចំនួន៤របស់អ៊ុយក្រែន ត្រូវបានបាញ់ទម្លាក់នៅក្នុងតំបន់Donbas ។