
ភ្នំពេញ៖ ការដឹកជញ្ជូនទំនិញតាមរថយន្តធំៗនៅតាមច្រកព្រំដែនប៉ោតប៉ែតនៅតែបន្តមានជាធម្មតា។ ប៉ុន្តែការធ្វើដំណើររបស់ប្រជាជនធម្មតានៅតែពុំទាន់អនុញ្ញាតឱ្យមានការចរាចរនៅឡើយទេ។ នេះបើតាមការផ្តល់បទសម្ភាសន៍រវាងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ជាមួយស៊ីស៊ីថាមស៍។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត មានប្រសាសន៍ថា ការដឹកជញ្ជូនទំនិញតាមរថយន្តធំៗនៅតែបន្តមាននៅតាមច្រកព្រំដែនកម្ពុជា-ថៃ។ លើសពីនេះ ទំនិញទាំងនោះត្រូវទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តដឹកទំនិញក៏ត្រូវទទួលបានការអនុញ្ញាត មានការឆ្លងកាត់ការត្រួតពិនិត្យដោយសមត្ថកិច្ចទាំងភាគីកម្ពុជា-ថៃបានត្រឹមត្រូវ។
ក្រៅពីនេះលោកបន្ថែមថា បើទោះបីជាស្ថានភាពកូវីដ១៩នៅកម្ពុជាមានភាពធូរស្រាលក្តី ក៏ការធ្វើដំណើររបស់ប្រជាពលរដ្ឋធម្មតាគឺមិនត្រូវបានអនុញ្ញាតឱ្យមានការធ្វើដំណើរឆ្លងកាត់តាមព្រំដែននៅឡើយទេ។ រីឯខាងសមត្ថកិច្ចកំពុងធ្វើការងារពាក់ព័ន្ធនឹងការលាងសម្អាតមេរោគចាប់ពីស្ពានអន្តរជាតិប៉ោតប៉ែតរហូតដល់ទីប្រជុំជននៃក្រុងប៉ោយប៉ែត។
លើសពីនេះ លោកក៏បានច្រានចោលនូវព័ត៌មានដែលបង្ហាញថានឹងមានការបើកច្រកសាកល្បងនៅតាមព្រំដែនប៉ោយប៉ែតផងដែរ ដោយសារទេលោកពុំទទួលបានព័ត៌មាននេះទេ៕