កំពង់ចាម៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងក្រុមយុវជនស្ម័គ្រចិត្ត ឃុំផ្ដៅជុំ បានចុះអប់រំសុខភាព ពិនិត្យ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ជាលទ្ធផល ក្រុមគ្រូពេទ្យបានពិនិត្យប្រជាពលរដ្ឋសរុបចំនួន ៨៣៧នាក់ ក្នុងនោះស្រី ៥៤៧នាក់ និងរកឃើញពលរដ្ឋមានបញ្ហាសុខភាពចំនួន ១,៦៣៧ករណី។
ពិធីនេះ រៀបចំឡើងដោយមានការដឹកនាំដោយលោក ជា ធីរិទ្ធ នាយករងទី១ ខុទ្ទកាល័យសម្តេច ហ៊ុន សែន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាមួយការចូលរួមគាំទ្រដោយ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងក្រុមយុវជនស្ម័គ្រចិត្តឃុំផ្ដៅជុំ។
កម្មវិធីនេះ មានការចូលរួមពីក្រុមវេជ្ជបណ្ឌិត និងក្រុមការងារផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យចេនឡា ដោយបានផ្តល់សេវាពិនិត្យ ព្យាបាល និងឱសថ ព្រមទាំងអប់រំអំពីសុខភាព អនាម័យ អាហារូបត្ថម្ភ វិធីបង្ការជំងឺ និងការថែទាំសុខភាព ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនៅមូលដ្ឋាន។
ជាលទ្ធផល ប្រជាពលរដ្ឋសរុបចំនួន ៨៣៧នាក់ ក្នុងនោះស្រី ៥៤៧នាក់ បានទទួលសេវាពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ។ បើគិតតាមចំនួនបញ្ហាសុខភាពដែលបានពិនិត្យ និងព្យាបាល មានសរុបចំនួន ១,៦៣៧ករណី។
គួរបញ្ជាក់ថា កម្មវិធីនេះ ក្នុងគោលដៅ «ការព្យាបាលដ៏មានតម្លៃ គឺការអប់រំឱ្យចេះបង្ការ និងថែទាំសុខភាព» «សុខភាពប្រជាពលរដ្ឋ គឺជាស្នាមញញឹមរបស់ផ្ដៅជុំ»៕