ភ្នំពេញ៖ ក្រសួងសុខាភិបាល សហការជាមួយសមាគមគ្រូពេទ្យជំងឺមហារីកកម្ពុជា រៀបចំពិធីផ្សព្វផ្សាយស្តីពី ការលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកសុដន់ ក្រោមប្រធានបទ «រកឃើញទាន់ពេល ព្យាបាលមានប្រសិទ្ធភាព ក្តីសង្ឃឹមខ្ពស់»។ កម្មវិធីនេះ ត្រូវបានធ្វើឡើងនាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
បើតាមសមាគមគ្រូពេទ្យជំងឺមហារីកកម្ពុជា កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងយុទ្ធសាស្ត្រសំខាន់ៗចំនួន ៤ ដូចជា៖១-លើកកម្ពស់ការយល់ដឹងទូលំទូលាយ៖ ផ្តល់ចំណេះដឹងអំពីជំងឺមហារីកសុដន់ កត្តាហានិភ័យ និងរោគសញ្ញាសំខាន់ៗ ជូនដល់អ្នកជំងឺ ក្រុមគ្រួសារ បុគ្គលិកសុខាភិបាល និងសាធារណជន។ ២-បង្ហាញពីសមត្ថភាព និងការគាំទ្រ៖ បង្ហាញពីលទ្ធភាពនៃការធ្វើរោគវិនិច្ឆ័យ ការព្យាបាលបានត្រឹមត្រូវ និងទាន់ពេលវេលាក្នុងប្រព័ន្ធសុខាភិបាលបច្ចុប្បន្ន ។ ៣-ចែករំលែកសក្ខីភាពនៃក្តីសង្ឃឹម៖ បង្ហាញពីភាពជោគជ័យនៃការព្យាបាល ដើម្បីកាត់បន្ថយការភ័យខ្លាច កាត់បន្ថយការរើសអើង និងផ្តល់កម្លាំងចិត្តដល់អ្នកជំងឺ។ ៤-ចូលរួមចលនាសាកល៖ ភ្ជាប់កម្ពុជាទៅនឹងចលនារបស់ពិភពលោក ក្នុងការគ្រប់គ្រង និងប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់លើស្ត្រី ។
គួរបញ្ជាក់ថា យុទ្ធនាការផ្សព្វផ្សាយពីជំងឺមហារីកសុដន់ (Breast Cancer Awareness) ត្រូវបានរៀបចំឡើងតាមរូបភាពផ្សេងៗគ្នាជារៀងរាល់ឆ្នាំ ដោយប្រទេសជាច្រើននៅជុំវិញពិភពលោក។ ចំពោះ កម្មវិធីនាថ្ងៃទី៣កន្លងទៅនេះ មានការចូលរួមពីតំណាងក្រសួងសុខាភិបាល តំណាងមន្ទីរពេទ្យជាតិ តំណាងអង្គការដៃគូអភិវឌ្ឍន៍ សប្បុរសជន វេជ្ជបណ្ឌិត បុគ្គលិកសុខាភិបាល ក្រុមប្រឹក្សាភិបាល និងសមាជិកសមាគមគ្រូពេទ្យជំងឺមហារីកកម្ពុជា និស្សិត ប្រជាពលរដ្ឋ និងតំណាងអ្នកជំងឺមហារីកសុដន់ សរុបប្រមាណ ៤០០ នាក់៕