Swift cc time

ស្ពានថ្មបុរាណកណ្ដាលអង្គរ ស្នាដៃវិស្វកម្មខ្មែរឆ្លងកាត់សម័យកាល

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ ស្ពានថ្មបុរាណមួយ ស្ថិតនៅភាគខាងលិចប្រាសាទតាកែវ ក្នុងរមណីយដ្ឋានអង្គរ កំពុងក្លាយជាសំណង់ប្រវត្តិសាស្ត្រដ៏មានតម្លៃ និងជាសក្ខីភាពនៃស្នាដៃវិស្វកម្មរបស់បុព្វបុរសខ្មែរ។

តំបន់នេះ ជាផ្លូវប្រវត្តិសាស្ត្រដែលភ្ជាប់ពីក្រុងអង្គរធំ តាមទ្វារជ័យ ឆ្ពោះទៅកាន់បារាយណ៍ខាងកើត និងតំបន់ភាគខាងកើតនៃអាណាចក្រខ្មែរ។ កាលពីសម័យអង្គរ មានស្ពានឈើសម្រាប់ឆ្លងកាត់ស្ទឹងសៀមរាបនៅទីតាំងនេះ។ បន្ទាប់មក នៅសតវត្សរ៍ទី១៧ ស្ពានថ្មត្រូវបានសាងសង់ឡើងនៅលើទីតាំងស្ពានចាស់ ដោយប្រើដុំថ្មភក់បុរាណពីប្រាសាទនៅតំបន់ជុំវិញ។

សំណង់នេះ មិនត្រឹមតែមានតួនាទីសម្រាប់ការធ្វើដំណើរ និងឆ្លងកាត់ផ្លូវទឹកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីជំនាញស្ថាបត្យកម្ម និងវិស្វកម្មរបស់ខ្មែរ តាមរយៈការរៀបចំរចនាសម្ព័ន្ធទ្រទម្ងន់ ការបង្វែរចរន្តទឹក និងការតម្រៀបថ្មដោយមិនប្រើបាយអ។

បច្ចុប្បន្ន ស្ពានថ្មបុរាណនេះបានក្លាយជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរ ដោយសារបានរួមបញ្ចូលគ្នារវាងសំណង់បុរាណ និងធម្មជាតិ។ ឫសឈើធំៗដែលដុះព័ទ្ធជុំវិញស្ពាន បង្កើតជាទេសភាពដ៏ស្រស់ស្អាត ខណៈតំបន់ជុំវិញក៏នៅមានសត្វព្រៃ និងសត្វបក្សីមួយចំនួន ដូចជា ក្ងោកព្រៃ ដែលធ្វើឱ្យទីតាំងនេះកាន់តែមានភាពទាក់ទាញ។

ស្ពានថ្មបុរាណនេះ ជានិមិត្តរូបនៃការរួមរស់រវាងបេតិកភណ្ឌវប្បធម៌ ធម្មជាតិ និងសត្វព្រៃ ដែលបន្តរក្សាតម្លៃរបស់ខ្លួនបានរហូតមកដល់បច្ចុប្បន្ន៕


Khcct banner

អត្ថបទទាក់ទង