
ចិន៖ បេសកជនចិនប្រចាំអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធក្នុងបញ្ហាអ៊ុយក្រែនអនុវត្តការអត់ធ្មត់។ លោក Zhang Jun ជាតំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំពេញអង្គនៃសម័យប្រជុំលើកទី ៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិស្តីពីបញ្ហាអ៊ុយក្រែន។
លោក Zhang Jun បាននិយាយថា នៅក្នុងបរិបទបច្ចុប្បន្ន ភាគីពាក់ព័ន្ធទាំងអស់គួរតែអនុវត្តការអត់ធ្មត់ និងជៀសវាងការចាត់វិធានការណាមួយ ដែលអាចធ្វើឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរឡើង។
លោក Zhang បានបន្ថែមថា ប្រទេសចិនបាននិងកំពុងយកចិត្តទុកដាក់លើស្ថានភាពវិវត្តនៅអ៊ុយក្រែន ហើយជំហររបស់ចិនលើការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃរដ្ឋទាំងអស់មានភាពស្របគ្នា ហើយគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិគួរតែត្រូវបានអនុវត្តរួមគ្នា។
លោកបានសង្កត់ធ្ងន់ថា «បញ្ហាអ៊ុយក្រែនត្រូវបានចាក់ឫសនៅក្នុងបណ្តាញដ៏ស្មុគស្មាញនៃកត្តាប្រវត្តិសាស្ត្រ និងបច្ចុប្បន្ន។ អន្តរកម្មនៃកត្តាទាំងនោះ បានជំរុញឱ្យស្ថានការណ៍ឈានដល់ចំណុចតានតឹង។ ក្នុងបរិបទបច្ចុប្បន្ន ភាគីពាក់ព័ន្ធទាំងអស់គួរតែអនុវត្តការអត់ធ្មត់ និងជៀសវាងការចាត់វិធានការណាមួយដែលអាចធ្វើអោយមានស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង»។
ប្រទេសចិនអំពាវនាវឱ្យភាគីទាំងអស់ទទួលស្គាល់ពីសារៈសំខាន់នៃការអនុវត្តគោលការណ៍សន្តិសុខមិនអាចបំបែកបាន បន្តចូលរួមក្នុងកិច្ចសន្ទនា និងការពិគ្រោះយោបល់ និងស្វែងរកដំណោះស្រាយសមហេតុផលដែលដោះស្រាយបញ្ហាកង្វល់របស់គ្នាទៅវិញទៅមកតាមរយៈមធ្យោបាយសន្តិភាព ដោយផ្អែកលើសមភាព និងការគោរពគ្នាទៅវិញទៅមក។
លោកបានបញ្ជាក់ថា ប្រទេសចិនស្វាគមន៍ និងលើកទឹកចិត្តរាល់កិច្ចខិតខំប្រឹងប្រែងដែលមានគោលបំណងសម្របសម្រួលដំណោះស្រាយការទូត៕