អ៊ុយក្រែន៖ ជនស៊ីវិលរាប់សិបនាក់មកពីតំបន់ Donbass ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ត្រូវបានជម្លៀសទៅកាន់ទីក្រុងនានានៅក្នុងប្រទេសរុស្ស៊ី ខណៈដែលភាពតានតឹងនៅតែបន្តកើនឡើងនៅតាមព្រំដែនរវាងរុស្ស៊ី និង អ៊ុយក្រែន។
អ្នកសារព័ត៌មានរដ្ឋចិន CCTV ប្រចាំការនៅតំបន់នោះបានរាយការណ៍ថា ជនស៊ីវិលរាប់សិបនាក់មកពីតំបន់ Donbass ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ដែលភាគច្រើនជាស្ត្រី និងកុមារ ត្រូវបានជម្លៀសទៅកាន់ទីក្រុងមួយចំនួនរបស់ប្រទេសរុស្ស៊ី ដោយបារម្ភពីការប៉ះទង្គិចគ្នាក្រុមផ្តាច់ខ្លួនជាមួយរដ្ឋាភិបាលទីក្រុងគៀវ។
បើតាមសេចក្តីរាយការណ៍ ជនស៊ីវិលភាគខាងកើតនៃប្រទេសអ៊ុយក្រែនពួកគេបានទទួលអាហារ និងជម្រកនៅកន្លែងមានសុវត្ថិភាព តែពួកគេ នៅតែព្រួយបារម្ភអំពីក្រុមគ្រួសារ និង មិត្តភក្តិរបស់ពួកគេដែលបានបន្សល់ទុកនៅតំបន់ Donbas នៃប្រទេសអ៊ុយក្រែន។
ពលរដ្ឋក្នុងចំណោមអ្នកជម្លៀសជនជាតិអ៊ុយក្រែនម្នាក់ បាននិយាយថា "មានការដោះដូរកាំភ្លើង និងសង្រ្គាម ដូច្នេះពួកយើងបានរត់ចេញ។ ពួកយើងត្រូវបានគេដឹកទៅព្រំដែនតាមឡាន ហើយយើងបានឆ្លងព្រំដែន។
អ្នកជម្លៀសម្នាក់ទៀតបាននិយាយថា "វាគួរឱ្យភ័យខ្លាចនៅទីនោះក្នុងប្រទេសអ៊ុយក្រែន។ ក្មេងៗភ័យខ្លាច។ ព្រំដែននៃទីក្រុង Donetsk និង Luhansk ត្រូវបានទាហានយាមកាមយ៉ាងខ្លាំង។ យើងត្រូវបានគេជម្លៀសចេញ ហើយមន្រ្តីក្នុងតំបន់បាននាំយើងទៅកាន់ព្រំដែន" ។
គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃចន្ទ បានចុះហត្ថលេខាលើក្រឹត្យចំនួនពីរ ដោយទទួលស្គាល់ "សាធារណរដ្ឋប្រជាមានិត Lugansk" និង "សាធារណរដ្ឋប្រជាមានិត Donetsk" ជារដ្ឋឯករាជ្យ និងអធិបតេយ្យភាព។ការសម្រេចនេះ បានបង្ករឱ្យមានការខឹងសម្បាជាខ្លាំងពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កំពុងជំរុញសហគមន៍អន្តរជាតិឱ្យធ្វើកិច្ចពិភាក្សាបន្ទាន់ជុំវិញការសម្រេចចិត្តរបស់រុស្ស៊ី៕