
អ៊ុយក្រែន៖ អ្នកស្រុកនៅទីក្រុង Donetsk ដែលប្រកាសឯករាជ្យចេញពីប្រទេសអ៊ុយក្រែន បានបង្ហាញពីក្តីសង្ឃឹមពីការទទួលបាននូវ សន្តិភាព និងភាពស្ងប់ស្ងាត់ ខណៈភាពតានតឹងរុស្សីអ៊ុយក្រែនកំពុងតែប្រឈមនឹងមុខភ្លើងសង្រ្គាម អ្នកស្រុក Donetsk និយាយនេះបន្ទាប់ពីប្រទេសរុស្ស៊ីបានទទួលស្គាល់ថាជារដ្ឋឯករាជ្យ។ការបង្ហាញក្តីសង្ឃឹមនេះ ធ្វើឡើងក្រោយពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យចំនួនពីរ គឺ "សាធារណរដ្ឋប្រជាមានិត Lugansk (LPR)" និង "សាធារណរដ្ឋប្រជាមានិត Donetsk (DPR)" ជារដ្ឋឯករាជ្យ និងអធិបតេយ្យភាព។
លោកស្រី Tamara ជាអ្នកស្រុកម្នាក់បាននិយាយថា "ខ្ញុំគិតថានឹងមានការផ្លាស់ប្តូររ៉ាឌីកាល់ថ្មីសម្រាប់រដ្ឋរបស់យើង ប្រហែលជាសន្តិភាពអាចមកដល់ទីនេះឆាប់។ លោកស្រីបន្តថា "ពិតណាស់ អ្វីៗនឹងប្រសើរឡើង យ៉ាងហោចណាស់កូនៗរបស់យើងអាចមានអនាគតល្អជាងនេះ។
គួរបញ្ចាក់ថា ប្រធានាធិបតីអ៊ុយក្រែនលោកគឺ Volodymyr Zelensky បាននិយាយនៅព្រឹកថ្ងៃអង្គារថា ក្រុងកៀវបាន និងកំពុងជំរុញសហគមន៍អន្តរជាតិឱ្យធ្វើកិច្ចពិភាក្សាបន្ទាន់ជុំវិញការសម្រេចចិត្តរបស់រុស្ស៊ីស្តីពីស្ថានភាពនៃតំបន់ Donetsk និង Lugansk នៅភាគខាងកើតអ៊ុយក្រែន៕