
ហុងកុង៖ នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង លោកស្រី Carrie Lam បានប្រកាសក្នុងអំឡុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា ទីក្រុងហុងកុង នឹងអនុវត្តការធ្វើតេស្តរកកូវីដ១៩ ជាកំហិតសម្រាប់អ្នកស្រុកទាំងអស់។
លោកស្រី Carrie Lam បាននិយាយថា ទីក្រុងហុងកុងឥឡូវនេះ មានលទ្ធភាពធ្វើតេស្ដរកកូវីដ១៩ យ៉ាងហោចណាស់ ១ លានក្នុងមួយថ្ងៃ ដោយមានជំនួយពីរដ្ឋាភិបាលកណ្តាល និងភ្នាក់ងារធ្វើតេស្តក្នុងស្រុក។ លើសពីនេះ នឹងមានការធ្វើតេស្តកូវីដ១៩ ជាកំហិតចំនួនបីបន្ថែមទៀតនៅក្នុងខែមីនា ដែលជាជំហានដ៏សំខាន់មួយ ដើម្បីកាត់បន្ថយខ្សែសង្វាក់ចម្លងនៅក្នុងតំបន់។
លោកស្រី Carrie Lam បាននិយាយថា «យុទ្ធសាស្ត្ររបស់យើង គឺបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងគ្រប់ទិដ្ឋភាពទាំងអស់ ទាក់ទងនឹងការការពារ និងការគ្រប់គ្រងការរាតត្បាត។ ជាដំបូងនៃការងារទាំងអស់ គឺដើម្បីបង្កើនសមត្ថភាពក្នុងការរកឃើញការឆ្លង ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ជាមួយនឹងការខិតខំប្រឹងប្រែងរបស់យើង ដែលបានធ្វើឡើងពីមុននៅក្នុងទីក្រុងហុងកុង ដោយមានជំនួយរបស់រដ្ឋាភិបាលកណ្ដាលនៅកន្លែងនោះ។ យើងនឹងអនុវត្តការធ្វើតេស្តកូវីដ១៩ ជាកំហិតសម្រាប់អ្នករស់នៅទាំងអស់ ហើយការធ្វើតេស្ដសាកលនេះមានឥទ្ធិពលផ្លូវច្បាប់»។
ទីក្រុងហុងកុង បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីចំនួន ៦,២១១ ករណី កាលពីថ្ងៃចន្ទ ដែលជាទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃអង្គារ។ គិតត្រឹមថ្ងៃចន្ទនេះ ទីក្រុងហុងកុងបានរាយការណ៍ថា មានអ្នកឆ្លងកូវីដ១៩សរុបចំនួន ៦៦,៥៧៤ ករណី។
ក្នុងការជួយទីក្រុងហុងកុងគ្រប់គ្រងការកើនឡើងនៃករណីឆ្លងកូវីដ១៩នេះ រដ្ឋាភិបាលកណ្តាលបានផ្តល់ជំនួយដល់ហុងកុង ក្នុងការកសាងមន្ទីរពេទ្យបណ្តោះអាសន្នចំនួន ៤ ជាមួយនឹងការសាងសង់ដែលចាប់ផ្តើមពីថ្ងៃអង្គារ។
កន្លែងដាក់ឱ្យនៅដាច់ដោយឡែកបណ្តោះអាសន្ន និងកន្លែងព្យាបាលសហគមន៍ចំនួន ៤ នឹងផ្តល់ជូនអង្គភាពដាច់ដោយឡែកពី ១៤,០០០ ទៅ ១៧,០០០ នៅពេលដំណើរការពេញលេញ ដោយដំបូងគេរំពឹងថា នឹងត្រូវបានចែកចាយសម្រាប់ប្រើប្រាស់ក្នុងរយៈពេលប្រហែលមួយសប្តាហ៍៕