ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៨ កុម្ភៈនេះ បានចេញនូវសេចក្តីជូនដំណឹង ស្ដីពីការដាក់ឲ្យដំណើរការជាបណ្តោះអាសន្ន«សាឡាងចម្លងកោះពេជ្រ-កោះនរា» ឆ្លងកាត់ទន្លេបាសាក់ក្នុងព្រំប្រទល់ខណ្ឌចំការមន និង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមសេចក្តីជូនដំណឹង ការដាក់ឱ្យដំណើរការនេះ ក្នុងគោលបំណងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឆ្លងកាត់ស្ពានព្រះមុនីវង្ស ខណៈដែលតែងតែជួបប្រទះនូវការកកស្ទះចរាចរជាញឹកញាប់។ដូច្នេះ រដ្ឋបាលរាជធានីភ្នំពេញបានអនុញ្ញាតជូនក្រុមហ៊ុនជលយានចម្លងអរិយក្សត្រ អាន សំអន ឯ.ក ធ្វើអាជីវកម្មសាឡាងចម្លងអ្នកដំណើរ រួមទាំងមធ្យោបាយយានយន្តគ្រប់ប្រភេទឆ្លងកាត់ទន្លេបាសាក់ជាបណ្តោះអាសន្ន ចាប់ពី ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ២០១២ នេះតទៅ ដោយចាប់ផ្តើមពីម៉ោង៦:០០នាទីព្រឹក ដល់ម៉ោង១៩:០០នាទីយប់ ជារៀងរាល់ថ្ងៃ។