ភ្នំពេញ៖ មន្ទីរពេទ្យកាល់ម៉ែត ជាមួយភាគីបារាំងមកពីមន្ទីរពេទ្យ Hospices Civils de Lyon បានសហការគ្នាអនុវត្តគម្រោងវះកាត់ផ្សាំសរីរាង្គ (ផ្សាំតម្រងនោម) នៅមន្ទីរពេទ្យកាល់ម៉ែត។ នេះជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់វិស័យសុខាភិបាល ក្នុងការធ្វើឱ្យគម្រោងផ្សាំសរីរាង្គ ផ្នែកតម្រងនោមលេចជារូបរាងឡើងជាផ្លូវការក្នុងប្រទេសកម្ពុជា ដែលអនុញ្ញាតឱ្យពលរដ្ឋដែលមានតម្រូវការប្តូរតម្រងនោម អាចវះកាត់ប្តូរតម្រងនោមប្រកបដោយគុណភាព និងសុវត្ថិភាពនៅប្រទេសកម្ពុជា ជាមួយសេវាព្យាបាលកម្រិតខ្ពស់។
កាលពីថ្ងៃទី២ តុលា ភាគីទាំងពីរបានរៀបចំពិធីបើកសិក្ខាសាលាអន្តរជាតិស្តីពីការវះកាត់ផ្សាំសរីរាង្គ (ផ្សាំតម្រងនោម) នៅមន្ទីរពេទ្យកាល់ម៉ែត។ ក្នុងពិធីនេះ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពពាក់ព័ន្ធនឹងជំងឺតម្រងនោមដំណាក់កាលចុងក្រោយមួយចំនួន ត្រូវការការលាងឈាមក្នុងរយៈពេលវែង ហើយសម្រាប់អ្នកជំងឺដែលមានលក្ខខណ្ឌសមស្រប ការប្តូរតម្រងនោមអាចជាជម្រើសព្យាបាលដ៏សំខាន់មួយ។ ការវះកាត់ប្តូរតម្រងនោមប្រកបដោយគុណភាព និងសុវត្ថិភាពនៅប្រទេសកម្ពុជា នាំយកនូវសេវាព្យាបាលកម្រិតខ្ពស់មកជិតប្រជាពលរដ្ឋរបស់យើង។
លោករដ្ឋមន្ត្រី បានបន្តថា បច្ចេកទេសវះកាត់ផ្សាំសរីរាង្គ (ផ្សាំតម្រងនោម) នេះ តម្រូវឱ្យមានការបណ្តុះបណ្តាលបច្ចេកទេសវេជ្ជសាស្ត្រច្បាស់លាស់ទៅតាមជំនាញឯកទេសនីមួយៗ ដូចជា ជំនាញវះកាត់ប្រព័ន្ធម៉ូត្រសាស្រ្ត និងតម្រងនោម ជំនាញធ្វើរោគវិនិច្ឆ័យតម្រងនោម ជំនាញផ្នែកមន្ទីរពិសោធន៍លើប្រព័ន្ធភាពស៊ាំសរីរាង្គ (Immunologie System) និងជំនាញផ្នែកសណ្តំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់ជាដើម។
ទន្ទឹមនឹងនេះ លោក ឈាង រ៉ា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមិត្តបារាំង ជាពិសេសថ្នាក់ដឹកនាំ និងក្រុមការងារមន្ទីរពេទ្យ Hospices civils de Lyon ដែលបានខិតខំផ្តួចផ្តើម និងចូលរួមគាំទ្រគម្រោងផ្សាំសរីរាង្គ(តម្រងនោម) នៅប្រទេសកម្ពុជា។ គម្រោងផ្សាំសរីរាង្គ(តម្រងនោម) ឆ្លងកាត់ដំណាក់កាលកសាងសមត្ថភាពដ៏ធំមួយ និងថ្មី ដែលត្រូវបញ្ចូលក្នុងប្រព័ន្ធសុខាភិបាល និងជាកិច្ចការដែលត្រូវធ្វើជាបន្តបន្ទាប់(មិនមែនធ្វើតែមួយលើករួចឈប់នោះទេ)៕