ភ្នំពេញ៖ មន្ត្រីគយនិងរដ្ឋាករសហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍កម្ពុជា បានត្រួតពិនិត្យអ្នកដំណើរបរទេសចំនួន ៣នាក់ ក្នុងករណីផ្សេងគ្នាចំនួនពីរ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយរកឃើញសារធាតុសង្ស័យជាគ្រឿងញៀនប្រភេទកូកាអ៊ីន និងកញ្ឆាក្រៀម។
ករណីទី១—អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ៖ ក្រុមការងារបានត្រួតពិនិត្យអ្នកដំណើរបរទេសចំនួន ១នាក់ នៅស្ថានីយអ្នកដំណើរចេញ ដោយបានរកឃើញម្សៅម៉ត់ពណ៌សសង្ស័យជាសារធាតុញៀនប្រភេទកូកាអ៊ីន មានទម្ងន់សុទ្ធសរុប ១ ៩៨៤,៨០ក្រាម។
ករណីទី២—អាកាសយានដ្ឋានអន្តរជាតិតេជោ៖ ក្រុមការងារបានត្រួតពិនិត្យអ្នកដំណើរបរទេសចំនួន ២នាក់ នៅស្ថានីយអ្នកដំណើរចេញ ដោយបានរកឃើញរុក្ខជាតិក្រៀមសង្ស័យជាសារធាតុញៀនប្រភេទកញ្ឆា ចំនួន ៩៧ដុំ មានទម្ងន់សុទ្ធសរុប ៤៨ ២៥៧,៥ក្រាម។
បន្ទាប់ពីបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួច ក្រុមការងារបានប្រគល់ជនសង្ស័យ វត្ថុតាង និងសម្ភារៈពាក់ព័ន្ធ ជូនអង្គភាពនគរបាលប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន។