ភ្នំពេញ៖ កម្ពុជា-វៀតណាម នាថ្ងៃទី៥ តុលា បានចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ការធ្វើឡើងនេះ ដោយមានការចុះហត្ថលេខាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា និងលោក វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលវៀតណាម។
គម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាមនេះ នឹងមានការសាងសង់អគារថ្មី និងការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ក្នុងបរិវេណ "សាលាមិត្តភាពកម្ពុជា-វៀតណាម" រួមមាន៖ ការសាងសង់បន្ទប់សិក្សាថ្មីចំនួន៨០បន្ទប់ បន្ទប់ពិសោធន៍ចំនួន០១ និងបន្ទប់កុំព្យូទ័រចំនួន០១ សម្រាប់សាលាបឋមសិក្សា និងសាងសង់បន្ទប់សិក្សាថ្មីចំនួន ២៤បន្ទប់ បន្ទប់ពិសោធន៍ចំនួន០១ បន្ទប់កុំព្យូទ័រចំនួន០១ សម្រាប់សាលាអនុវិទ្យាល័យ រួមទាំងជួសជុលបន្ទប់រៀនដែលមានស្រាប់ចំនួន ១៥បន្ទប់នៅក្នុងអគារសម្តេចតេជោ សាងសង់អគារកីឡាពហុបំណងចំនួន ០១ និងអគាររដ្ឋបាលរួមចំនួន ០១ ព្រមទាំងបំពាក់សម្ភារបរិក្ខារចាំបាច់មួយចំនួនទៀតសម្រាប់បម្រើដល់ការបង្រៀន និងរៀនរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណជាង ៥,៥០០នាក់។
គួររម្លឹកថា គម្រោងសាងសង់អគារសិក្សានេះត្រូវបានចុះបឋមសិលាក្រោមអធិបតីភាពសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងលោក តូ ឡឹម អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា កាលពីដើមឆ្នាំ២០២៦ កន្លងមកនេះ៕