Swift cc time

គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ ក្រសួងបរិស្ថានចែកធុងសំរាម ៤៥ ១២០ធុង និងគ្រោងបន្តចែកធុងសំរាម ១៧,១៧៥ បន្ថែមទៀត

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានផ្តល់ជូនធុងសំរាម សរុបចំនួន ៤៥ ១២០ធុង ដល់សាលារៀន វត្តអារាម មណ្ឌលសុខភាព ពន្ធនាគារនៅទូទាំងប្រទេស និងជូនដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងមូលដ្ឋានជាបន្តបន្ទាប់។ ការផ្តល់ជូនធុងសំរាមនេះ ដើម្បីជួយដល់គ្រប់ស្ថាប័ន បង្កើតប្រព័ន្ធទុកដាក់សំរាមឱ្យបានត្រឹមត្រូវ សម្រាប់បរិស្ថានស្អាត និងការគ្រប់គ្រងសំរាមកាន់តែប្រសើរ។

បើតាមក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្នុងជំហានទី២ ក្នុងការអនុវត្តយុទ្ធសាស្រ្តអាទិភាព«ភាពស្អាត» ក្រសួងមានគម្រោងចែកចាយធុងសំរាមចំនួន ១៧,១៧៥ ទៀតទៅកាន់សាលារៀនចំនួន ៥,៧២៥ នៅក្នុងរាជធានី-ខេត្តចំនួន ១៤ រួមជាមួយការផ្តល់ជូនក្រសួង ស្ថាប័ននានា ក្នុងគោលបំណងជំរុញចលនាលើកកម្ពស់ភាពស្អាតនៅកម្ពុជា។

សូមបញ្ជាក់ថា កន្លងមកនេះ សាលារៀននីមួយៗ បានទទួលធុងសំរាមចំនួន៣ ដែលផ្តល់ឱកាសដ៏សំខាន់ក្នុងការលើកកម្ពស់ការប្រមូល និងការបែងចែកសំរាម នៅក្នុងគ្រឹះស្ថានអប់រំនៅទូទាំងប្រទេស។ នៅពេលដែលធុងសំរាមដែលត្រូវបានផ្តល់ជូនសាលារៀនរួចរាល់ គម្រោងផ្តល់ធុងសំរាម នឹងកើនឡើងដល់ចំនួន ៦២,២៩៥ធុង សរុបទូទាំងប្រទេស។ ជាមួយគ្នានេះធុងសំរាមចំនួន ២០,៧៤១ធុង (ធុងចំណុះ ២៤០ លីត្រ មានចំនួន ១៩,១៦៧ និងធុងចំណុះ ១២០ លីត្រ ចំនួន ១,៥៧៤ ធុង) ក៏បានមកដល់ឃ្លាំងរបស់ក្រសួងបរិស្ថានរួចផងដែរ៕


Khcct banner

អត្ថបទទាក់ទង