
អាម៉េរិក៖ អ្នកវិភាគបាននិយាយថា ការអះអាងដែលថាថ្ងៃទី ១៦ ខែកុម្ភៈ ត្រូវបានគ្រោងទុកជាថ្ងៃបរិច្ឆេទឈ្លានពានរបស់រុស្សីគឺមិនប្រាកដប្រជាទេ ដោយអ្នកវិភាគមួយចំនួនសន្និដ្ឋានថារុស្សីអាចបើកការឈ្លានពាននៅថ្ងៃទី ២០ ខែកុម្ភៈនេះ។
កាលពីដើមខែនេះ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចជាច្រើនបានអះអាងថា រុស្ស៊ីគ្រោងនឹងឈ្លានពានអ៊ុយក្រែននៅព្រឹកព្រលឹមថ្ងៃពុធ កាលពីថ្ងៃទី ១៦ កន្លងទៅ ដោយលើកឡើងពីការអះអាងរបស់មន្ត្រីអាម៉េរិក ខណៈដែលប្រធានាធិបតីអាមេរិកលោក Joe Biden បានព្រមានសមាជិកនៃប្លុកណាតូថាឲ្យត្រៀមកម្លាំងសម្រាប់ការលុកលុយរបស់រុស្សីនាពេលខាងមុននេះ។
ទោះយ៉ាងណាក៏ដោយ យោងតាមអ្នកវិភាគដែលបាននិយាយទៅកាន់កាសែត Politico ដោយអះអាងថានាថ្ងៃទី ២០ ខាងមុខនេះរុស្សីអាចនិងបើការឈ្លានពានទៅលើដែនដីអ៊ុយក្រែន។
លោក Michael Kofman អ្នកជំនាញខាងយោធានៅ American think tank CNA ដែលជាអង្គការដែលធ្វើការដោយផ្ទាល់ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក និងទីភ្នាក់ងារជាច្រើនបាននិយាយថា "បន្ទាប់ពីថ្ងៃទី ២០ ខែកុម្ភៈ ខាងមុខគឺជាពេលវេលាដ៏តឹងតែងមួយដែលអ៊ុយក្រែនគួរតែត្រៀមខ្លួនរួចជាស្រេចប្រសិនបើមានការលុកលុយរបស់រុស្សីណាមួយកើតឡើង ។
ដោយឡែកថ្ងៃទី ២០ ខែកុម្ភៈនេះ គឺជាថ្ងៃបញ្ចប់ដែលបានគ្រោងទុកនៃសមយុទ្ធហ្វឹកហ្វឺនយោធារួមរុស្ស៊ី និងបេឡារុស្ស ដែលបាននិងកំពុងប្រព្រឹត្តទៅក្នុងខែនេះ នៅលើទឹកដីនៃប្រទេសបេឡារុស្ស ជិតព្រំដែនអ៊ុយក្រែន។ ថ្ងៃនេះក៏ជាថ្ងៃចុងក្រោយនៃកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ក៏ដូចជាសម័យចុងក្រោយនៃសន្និសិទសន្តិសុខទីក្រុង Munich ដែលរុស្ស៊ីកាលពីសប្តាហ៍មុនបាននិយាយថា ខ្លួនមិនមានគម្រោងចូលរួមជាផ្លូវការនោះទេ។
យោងតាមលោក Kofman ការបញ្ចប់នៃសមយុទ្ធទាំងនេះ ដែលត្រូវបានគេដាក់ឈ្មោះថា 'Union Resolve' នឹងក្លាយជាសូចនាករកាន់តែប្រសើរឡើងនៃចេតនាយោធារបស់វិមានក្រឹមឡាំង។ ប្រសិនបើទាហាន និងឧបករណ៍នៅជាប់ព្រំដែន វាអាចបង្ហាញពីផែនការដ៏មានសក្តានុពលក្នុងការឈ្លានពានអ៊ុយក្រែន។
គួររំលឹកវិញផងដែលថាកាលពី ពីរថ្ងៃមុននេះ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា ទាហានមួយចំនួនធំកំពុងដកខ្លួនចេញពីការដាក់ពង្រាយរបស់ពួកគេទៅកាន់មូលដ្ឋានទ័ពរបស់ពួកគេវិញ ខណៈដែលសមយុទ្ធហ្វឹកហ្វឺនកាន់តែខិតជិតមកដល់៕