Cc time web banner 054637

លោក Dmitry Peskov និយាយលេងសើចឱ្យ «អ៊ុយក្រែន»ត្រៀមខ្លួនសម្រាប់ការឈ្លានពានពីរុស្ស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រូបភាពដែលបានថតនៅថ្ងៃទី ១០ ខែកុម្ភៈឆ្នាំ ២០២២ បង្ហាញពីនាឡិកាតាមដងផ្លូវនៅមុខទីស្នាក់ការក្រសួងការបរទេសរុស្ស៊ីនៅទីក្រុងម៉ូស្គូ។

ក្រុងមូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំងនិយាយលេងសើចថា ក្រុងគៀវគួរតែកំណត់ម៉ោងរោទិ៍ ដើម្បីកុំឱ្យដេកលក់អត់ដឹងថាមាន "ការវាយប្រហាររបស់ រុស្សី" ខណៈដែលលោកខាងលិចចោទប្រកាន់ រុស្ស៊ីថាបានចំអកនឹងគម្រាមថាការលុកលុយទៅលើអ៊ុយក្រែនអាចនឹងចាប់ផ្តើមនៅម៉ោង ៣ ទៀបភ្លឺថ្ងៃទី ១៦ ខែកុម្ភៈដោយអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយថាប្រជាជនអ៊ុយក្រែនដែលជឿលើរឿងមិនអាចកើតឡើងនេះពិតជាគួរឲ្យអស់សំណើចពិតមែន។

លោក Peskov បាននិយាយលេងសើចប្រាប់សារព័ត៌មាន រុស្សីមួយថាបន្ទាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃពុធ ប្រជាជនអ៊ុយក្រែនអាចនិងកំពុងតែដេកលង់លក់ស្រួល តែកុំភ្លេចដាក់ម៉ោងរោទិ៍ផងក្រែងមានការឈ្លានពានណាមួយត្រៀមខ្លួនអត់ទាន់។

លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានធ្វើការអត្ថាធិប្បាយលើរបាយការណ៍នៅក្នុងបណ្តាញព័ត៌មានលោកខាងលិចមួយចំនួន ជាពិសេសកាសែតអង់គ្លេសជាច្រើន ដែលរុស្ស៊ីនឹង "ឈ្លានពាន" អ៊ុយក្រែននៅម៉ោង ៣ ទៀបភ្លឺ ម៉ោងក្នុងស្រុកនៅថ្ងៃពុធនេះ។

បើយោងតាមបណ្តាញព័ត៌មានទាំងនោះបានដកស្រង់សម្តីមន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិកជាច្រើនតាមប្រភពសម្រាប់ការអះអាងការវាយលុកខាងលើនេះ។ លោក Peskov ធ្លាប់បាននិយាយលេងសើចថា ពេលខ្លះលោកពូទីនសួរគាត់ ដូចគ្នានេះដែរនៅក្នុងការលេងសើច ប្រសិនបើពេលវេលាពិតប្រាកដនៃ "ការឈ្លានពាន" តើត្រូវបោះពុម្ពផ្សាយនៅក្នុងសារព័ត៌មានលោកខាងលិចរឺទេ?។

យ៉ាងណាមិញនៅព្រឹកថ្ងៃដដែល ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា សមយុទ្ធរួមនៅប្រទេសបេឡារុស្សបានបញ្ចប់តាមការគ្រោងទុក ហើយបានបង្ហាញវីដេអូអំពីរថក្រោះ និងឧបករណ៍ផ្សេងទៀតដែលធ្វើដំណើរត្រឡប់ទៅរុស្ស៊ីវិញ។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Sergey Shoigu បានបង្ហាញខ្លួននៅក្នុងប្រទេសស៊ីរី ដោយធ្វើទស្សនកិច្ចទៅកាន់កងទ័ពរុស្ស៊ីនៅ Khmeimim ដែលជាមូលដ្ឋានទ័ពអាកាសដែលប្រើដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម (អតីត ISIS) និងភេរវករផ្សេងទៀតចាប់តាំងពីឆ្នាំ ២០១៥។

នៅទីក្រុងគៀវ ប្រធានគណបក្សផ្ទាល់របស់ប្រធានាធិបតី Volodymyr Zelensky នៅក្នុងសភា លោក David Arakhamia បានប្រាប់ទូរទស្សន៍អ៊ុយក្រែនថាលោក "មានទំនុកចិត្ត ៩៩,៩% ថាគ្មានអ្វីនឹងកើតឡើង" នៅថ្ងៃទី ១៦ ខែកុម្ភៈនេះឡើយ។

លោក Peskov បន្តថា "ការឈ្លានពាន" របស់រុស្សីមិនអាចទៅរួចនោះទេ។

ទន្ទឹមនឹងនេះទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានថ្លែងសុន្ទរកថាខ្លីមួយនៅឯសេតវិមានអំពីបញ្ហាអ៊ុយក្រែន ដោយលោកនិយាយថាការលុកលុយនៅតែអាចធ្វើទៅបាន លោក Biden បានទទួលស្គាល់ថា ទាហានរុស្ស៊ីមួយចំនួនបានដកខ្លួនចេញពីព្រំដែន។ លោកបានបញ្ជាក់ថា អាមេរិកបានជំរុញពលរដ្ឋខ្លួនឲ្យចាកចេញពីប្រទេសអ៊ុយក្រែនហើយ «បណ្ដោះអាសន្ន» ផ្លាស់ប្តូរទីតាំងស្ថានទូតរបស់ខ្លួនពីក្រុងគៀវ ទៅទីក្រុង ល្វូវ ភាគខាងលិចសិន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង