Cctime 6monthsfree desktop
Cc times  web banner kh (2)

«ស្ពាន៧»កន្លែងតម្លៃ៣៥លានដុល្លារជាជំនួយជប៉ុនប្រកាសដាក់សម្ពោធជាផ្លូវការ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ស្ពានចំនួន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង តម្លៃប្រមាណ ៣៥ លានដុល្លារអាម៉េរិក ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន បានប្រកាសដាក់សម្ពោធជាផ្លូវការក្រោយអធិបតីរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃទី ១៦ កុម្ភៈនេះ។

ស្ពានទាំង ៧កន្លែងនេះ គឺជាគម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់ នៅតំបន់ប្រឈមនឹងទឹកជំនន់ ស្ថិតនៅទីតាំងភូមិសាស្រ្តខេត្តក្រចេះ និងខេត្តព្រៃវែង ដែលស្ពានមានប្រវែងសរុប ៦៧០ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពានមានប្រវែងសរុប ៣,៤២៤ម៉ែត្រ។ 

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ស្ពានដែលបានសាងសង់នេះរួមមាន៖ ស្ពាន៥កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ តាមបណ្តោយផ្លូវជាតិលេខ៧៣ រួមមាន៖ ស្ពានព្រែកសណ្តាន់ ប្រវែង៣៥ម៉ែត្រ, ស្ពានព្រែកឬស្ស ប្រវែង ៦២ម៉ែត្រ, ស្ពានអន្លង់ឃ្លេ ប្រវែង ៤៨ម៉ែត្រ, ស្ពានព្រែកឆ្លូង ប្រវែង ១៤០ម៉ែត្រ, និងស្ពានពាមទេរប្រវែង ១៧៥ម៉ែត្រ។

ស្ពាន២កន្លែង ស្ថិតនៅក្នុងខេត្តព្រៃវែង តាមបណ្តោយផ្លូវជាតិលេខ១១ រួមមាន៖ ស្ពានបាបោងលេខ១ ប្រវែង ១០៥ម៉ែត្រ និងស្ពានបាបោងលេខ២ ប្រវែង ១០៥ម៉ែត្រ។ លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងថា គម្រោងខាងលើនេះ បានស្ថាបនាច្រាំងការពារការហូរច្រោះទឹកជំនន់ និងត្រូវបានស្ថាបនាជាប្រភេទស្ពានបេតុងក្រាលកៅស៊ូ AC កម្រាស់ ១០សង់ទីម៉ែត្រ។

ស្ពានទាំង៧កន្លែងនេះ បានបើកការដ្ឋានសាងសង់កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នៅអំឡុងខែធ្នូ ឆ្នាំ២០២០ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៩ខែ។ការសាងសង់ឡើងវិញនូវស្ពានទាំង៧កន្លែងនេះ គឺដើម្បីឆ្លើយតបទៅនឹងឥទ្ធិពលនៃគ្រោះមហន្តរាយទឹកជំនន់ ដែលតែងតែកើតឡើងជារៀងរាល់ឆ្នាំនៅក្នុងអំឡុងរដូវវស្សា។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ថាស្ពានទាំង៧កន្លែងនេះ បានសម្រួលដល់ការធ្វើដំណើររបស់ពួកគេ ហើយក៏ជាចំណែកធ្វើឱ្យជីវភាពរបស់ពួកគេបានប្រសើរផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង