ភ្នំពេញ៖ លោកស្រី គីម ស៊ីដដាវីស គឺជាសាស្ត្រាចារ្យមួយរូបដ៏ឆ្នើមនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ។ក្រៅពីមានតួនាទីជាសាស្ត្រាចារ្យមួយរូបដ៏ឆ្នើម លោកស្រីក៏ជាអ្នកជំនាញនិយាយជំរុញទឹកចិត្តយុវវ័យ សិស្សនិស្សិតផងដែរ។ក្នុងបទសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍បានលើកឡើងអំពីគន្លឹះនៃការអភិវឌ្ឍន៍សមត្ថភាពខ្លួនចំនួន៤ចំណុច ដើម្បីទទួលជោគជ័យ និងមានប្រសិទ្ធភាពនៅកំឡុងពេលស្ថិតក្នុងវ័យសិក្សាថ្នាក់មហាវិទ្យាល័យ។
“ដើម្បីក្លាយជាអ្នកជោគជ័យក្នុងវិស័យសិក្សានៅថ្នាក់មហាវិទ្យាល័យ គួរមានចំណុច៤សំខាន់ៗទីមួយ៖ ការកំណត់គោលដៅច្បាស់លាស់(Set Goal) ទីពីរ ៖ ចេះធ្វើការងារក្រុម (Teamwork) ទី៣៖ ការស្វ័យសិក្សាឱ្យមានគុណភាព (Self-Study) និងទី៤៖ការបែងចែកពេលវេលាឱ្យបានត្រឹមត្រូវ (Time Management)។នេះជាការលើកឡើងរបស់លោកស្រីសាស្ត្រាចារ្យគីម ស៊ីដដាវីស។
លោកស្រីសាស្ត្រាចារ្យពន្យល់ថា ចំណុចទី១៖ ការកំណត់គោលដៅ(Set Goal)៖ ជាទូទៅ និស្សិតមួយចំនួនបានបង្កើតគោលដៅកំណត់ដោយខ្លួនឯង ប៉ុន្ដែប្រហែលនិស្សិតមួយចំនួនធំ អាចមកសិក្សានៅមហាវិទ្យាល័យសព្វថ្ងៃ គឺមកតាមការអូសទាញពីអ្នកផ្សេង មិនមែនខ្លួនឯង ដូចជាតាមមិត្តភក្ដិ តាមសាច់ញាតិ ទទួលបានអាហារូបករណ៍ ឬតាមការពេញនិយមមុខជំនាញសិក្សាផ្សេងៗ តាមសម័យកាល។ ពួកគេនឹងមិនច្បាស់លាស់ពីគោលដៅខ្លួនឯងឡើយ នៅពេលចូលរៀនបានរយៈ ឬពេលរៀនចប់ មិនដឹងថា ខ្លួនចង់ក្លាយជាអ្វី ចង់ធ្វើការអ្វី នៅឯណា។ហេតុនេះ ដើម្បីឱ្យមានការបេ្ដជ្ញាចិត្ត តស៊ូ ពុះពារ អត់ធ្មត់នឹងការសិក្សាមុខវិជ្ជានោះ ទោះបីជាប្រឈមមុខនឹងឧបសគ្គក្នុងប្រការណាមួយ វាពិតជាមានសារសំខាន់ណាស់ ដើម្បីទាមទារឱ្យចេះកំណត់ និងបង្កើតគោលដៅរបស់ខ្លួនឱ្យបានត្រឹមត្រូវ។ ដើម្បីធានាថា ពេលរៀនចប់ យើងទទួលបានការងារមួយដែលល្អ និងពេញចិត្ត។
ចំណុចទី២៖ ការធ្វើការងារក្រុម(Teamwork)៖ តើនិស្សិតដឹងទេថា រៀននៅមហាវិទ្យាល័យ ខុសពីវិទ្យាល័យ។ ដើម្បីជោគជ័យ គាត់ទាមទារត្រូវចេះធ្វើការងារក្រុម សហការគ្នា ជាពិសេសនាសម័យបច្ចេកវិទ្យានេះ។ លើសពីនេះទៅទៀត ការងារណាដែលមានការសាមគ្គី មានសមាជិកក្រុមពូកែ ហើយចេះយោគយល់គ្នា ដោយស្មារតីការងារក្រុម ការងារនោះនឹងទទួលបានជោគជ័យជាក់ជាមិនខាន។ មានពាក្យចាស់មួយថា «គំនិតច្រើន ប្រសើរជាគំនិតមួយ» «អ្នកណាពូកែធ្វើការងារក្រុម ម្នាក់នោះនឹងទទួលបានសមិទ្ធិផលការងារល្អ» ។
ចំណុចទី៣៖ ការសិក្សាដោយខ្លួនឯង (ស្វ័យសិក្សា Self-Study)៖ ការរៀននៅថ្នាក់មហាវិទ្យាល័យ មិនមែនជាមធ្យោបាយក្នុងការសិក្សារបស់និស្សិតតែមួយមុខឡើយ។ និស្សិតគ្រប់ៗរូប មិនគួរពឹងលើការបង្រៀនពីគ្រូទាំងស្រុងនោះឡើយ តែគួរចេះរៀនដោយខ្លួនឯង សិក្សាស្រាវជ្រាវមេរៀនបន្ថែមផ្សេងៗទៀត មិនថានៅ ដូចជាទៅបណ្ណាល័យ ហាងកាហ្វេ សួនកំសាន្ដ ផ្ទះ ឬទីកន្លែងណាក៏ដោយ ឬដោយគួបផ្សំការងារក្រុមដើម្បីពិភាក្សា និងសិក្សាពីគ្នាទៅវិញទៅមក។ ចំណែកឯគ្រូគាត់អាចសម្របសម្រួលយើងតាមក្រោយ។
ចំណុចទី៤៖ ការបែងចែកពេលវេលា(Time Management) ៖ រៀននៅសាកលវិទ្យាល័យ អាចរៀនវេនព្រឹក វេនរសៀល ឬវេនល្ងាច ដែលនិស្សិតទាំងអស់ មានពេល ២៤ម៉ោងដូចៗគ្នា។ តែនិស្សិតមួយចំនួន មានពេលគ្រប់គ្រាន់ក្នុងការសិក្សា តែមួយចំនួនផ្សេងទៀត បែរជាមិនមានពេលគ្រប់គ្រាន់ ហើយតែងតែមិនបានបញ្ចប់កិច្ចការសាលាបានទាន់ពេលវេលាក៏មាន។ តើបញ្ហាទាំងនេះ បណ្ដាលមកពីអ្វី ? ចម្លើយគឺ ដោយសារតែនិស្សិត មិនទាន់យល់ពីសារសំខាន់នៃពេលវេលា ហើយមិនបានបែងចែកពេលវេលាបានត្រឹមត្រូវ និងសមស្របតាមមាត្រដ្ឋានក្នុងការវិនិយោគនៃវិស័យសិក្សាជារៀងរាល់ថ្ងៃរបស់ខ្លួន។ ដូច្នេះ និស្សិតត្រូវមានការកត់សម្គាល់សំណៅគូសជាតារាងផ្សេងៗ ដើម្បីដាស់រំលឹក និងកត់ចំណាំថា ម៉ោងនេះ ថ្ងៃនេះ សាមីខ្លួនត្រូវមានកាតព្វកិច្ចអ្វី ត្រូវធ្វើកិច្ចការអ្វីខ្លះ?»
ក្នុងនាមលោកស្រីធ្លាប់មានបទពិសោធន៍ សំណូមពរដល់និស្សិតៗ គួរកុំគិតបញ្ហាតូចតាចដែលមិនចាំបាច់ ដែលវាធ្វើឱ្យប៉ះពាល់ការងារសិក្សា។សិស្សនិស្សិត ឪពុកម្ដាយ លោកគ្រូអ្នកគ្រូ សាស្រ្តាចារ្យ និងបណ្ដាអ្នកពាក់ព័ន្ធ សូមចូលរួមទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍សមត្ថភាពក្មេងៗជំនាន់ ក្នុងការលើកស្ទួយប្រទេសជាតិ ដោយនៅខណៈពេលនិស្សិតកំពុងសិក្សា សូមព្យាយាម បង្កើនការអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន កែប្រែ ផ្លាស់ប្ដូរ ព្រេងវាសនារបស់ខ្លួន ថែមទំាំងព្រេងវាសនារបស់កូនខ្លួន ចៅខ្លួនបន្តជំនាន់ក្រោយ ដែលពូជអ្នកតស៊ូ។
សូមរម្លឹកថា លោកស្រី គីម ស៊ីដដាវីស មានអាយុ ៣៨ ឆ្នាំ មានស្រុកកំណើតនៅរាជធានីភ្នំពេញ។ សព្វថ្ងៃ លោកស្រី ហើយក៏ជាសាស្រ្តាចារ្យផ្នែកដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្ម និងដេប៉ាតឺម៉ង់ទេសចរណ៍ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រួមទាំងធ្លាប់បានសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រង កាលពីឆ្នាំ២០០៦ កន្លងទៅ៕