ភ្នំពេញ៖ កញ្ញា សូលីតា ជានិស្សិតនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ជាកន្លែងដែលកញ្ញាស្វែងយល់ពីបច្ចេកវិទ្យាចុងក្រោយបង្អស់នៅក្នុងបន្ទប់ពិសោធន៍មនុស្សយន្ត។ ចាប់ផ្តើមពីការបង្កើតរថយន្តមនុស្សយន្តដែលដំណើរការដោយប៊្លូធូស រហូតដល់ការបង្កើតឧបករណ៍ចាប់សញ្ញាប្រកបដោយភាពច្នៃប្រឌិតសម្រាប់តាមដានកម្រិតទឹកនៅក្នុងទន្លេមេគង្គ ជាចំណង់ចំណូលចិត្តរបស់សូលីតាចំពោះបច្ចេកវិទ្យាឌីជីថល ដែលគ្មានដែនកំណត់នោះទេ។
សូលីតា បានលេង ក៏ដូចជាប្រើប្រាស់នូវគ្រឿងម៉ាស៊ីនកំប៉ិកកំប៉ុកតាំងពីនៅតូចមកម្លេះ នៅពេលដែលឪពុករបស់សូលីតា យកផលិតផលចុងក្រោយពីការងារបច្ចេកវិទ្យារបស់លោកមកផ្ទះ។ ទោះបីជាយ៉ាងណាក៏ដោយ វាគឺជាគម្រោងពិព័រណ៍វិទ្យាសាស្ត្រនៅវិទ្យាល័យដែលបង្កើតរថយន្តមនុស្សយន្តខ្នាតតូចដែលគ្រប់គ្រងដោយប៊្លូធូស ដែលបានពង្រឹងចំណង់ចំណូលចិត្តរបស់សូលីតាចំពោះវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)។
កញ្ញា សូលីតា ជានិស្សិតកំពុងសិក្សានៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ ជាមួយគ្នានោះ កញ្ញា សូលីតា ក៏បានក្លាយជាអ្នកសម្របសម្រួលកម្មវិធី និងដឹកនាំក្រុមអ្នកណែនាំ នៅឆ្នាំទី២ នៃកម្មវិធី KHoding Hero។ កញ្ញា សូលីតា បានលើកឡើងថា ពេលវេលារបស់កញ្ញានៅក្នុងកម្មវិធី KHoding Hero បានជួយឱ្យកញ្ញាដុសខាត់ភាពជាអ្នកដឹកនាំ ការងារជាក្រុម និងទទួលបានកម្មសិក្សាផ្នែកវិទ្យាសាស្ត្រទិន្នន័យ ថែមទៀតផង។ បច្ចុប្បន្ននេះ កញ្ញា សូលីតា នៅតែបន្តប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើការផ្លាស់ប្តូរនៅក្នុងសហគមន៍របស់នាង។
លើសពីនេះ កាលពីពេលថ្មីនេះ កញ្ញា សូលីតា រួមជាមួយនឹងក្រុមមិត្តភក្តិរបស់នាង បានឈ្នះការប្រកួតប្រជែងថ្នាក់តំបន់ដែលរៀបចំដោយគណៈកម្មការទន្លេមេគង្គសម្រាប់ការបង្កើតឧបករណ៍ចាប់សញ្ញាប្រកបដោយភាពច្នៃប្រឌិតសម្រាប់តាមដានកម្រិតទឹកនៅក្នុងទន្លេមេគង្គ ដើម្បីវាយតម្លៃសុខភាពទន្លេ ដែលនេះគឺជាចំណង់ចំណូលចិត្តរបស់សូលីតាចំពោះបច្ចេកវិទ្យាឌីជីថល។ ជាពិសេសនោះ ក្រោយបញ្ចប់ កញ្ញា សូលីតា មានគម្រោងស្វែងរកអាជីពការងារនៅក្នុងមន្ទីរពិសោធន៍ស្រាវជ្រាវថែទាំសុខភាព ឬផ្នែកបញ្ញាសិប្បនិម្មិត។
សូមជម្រាបថា សូលីតា ធ្លាប់បានចំណាយពេលមួយខែរស់នៅក្នុងខេត្តស្វាយរៀង ជាកន្លែងដែលនាងបានចូលរួមជាមួយក្រុមគ្រូបង្ហាត់បង្រៀនអំពីការប្រើប្រាស់ Microsoft Word និង PowerPoint ដើម្បីជំរុញដល់ការសិក្សារបស់ពួកគេ។ ក្នុងនាមជានិស្សិតស្រីមួយរូបក្នុងចំណោមសិស្សស្រីមួយចំនួនទៀតនៅក្នុងថ្នាក់របស់ខ្លួន សូលីតា មានបទពិសោធន៍ផ្ទាល់ជាមួយគម្លាតយេនឌ័រនៃវិស័យបច្ចេកវិទ្យា ដូច្នេះនាងបានរកឃើញពីផលល្អក្នុងការជួយក្មេងស្រីវ័យក្មេងឱ្យស្វែងរកចំណង់ចំណូលចិត្តរបស់ពួកគេ និងរៀនជំនាញថ្មីៗ។
កញ្ញា សូលីតា បាននិយាយថា ក្នុងនាមជាស្ត្រីនៅក្នុងវិស័យ STEM កញ្ញាជឿជាក់ថាខ្លួនអាចមានឥទ្ធិពលវិជ្ជមានក្នុងការបង្រៀនជំនាញបច្ចេកវិទ្យា និងក្នុងការបំផុសគំនិតក្មេងស្រី ឱ្យមើលឃើញថាកុំព្យូទ័រមិនមែនសម្រាប់តែក្មេងប្រុសនោះទេ។ ក្មេងស្រីខ្លះមិនដឹងថាពួកគេចង់ធ្វើអ្វីទេ ព្រោះបរិយាកាសរបស់ពួកគេមានកម្រិតណាស់។ យើងបានជួយពួកគេឲ្យដឹងថាពិភពលោកគឺធំជាងអ្វីដែលពួកគេឃើញទៅទៀត៕