ភ្នំពេញ៖ សមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា និង សហព័ន្ធសេវាអប់រំនៃកម្ពុជា បានឯកភាព«មិនដំឡើងថ្លៃសិក្សា»សម្រាប់ឆ្នាំសិក្សាថ្មី ២០២៤-២០២៥នេះ ហើយគ្រឹះស្ថានសិក្សាទាំងអស់នឹងពិនិត្យលទ្ធភាពបញ្ចុះតម្លៃសិក្សាជូនក្មួយៗ សិស្ស-និស្សិត ទៅតាមលទ្ធភាពរៀងៗខ្លួន។ការសម្រេចនេះ គឺធ្វើឡើងក្រោយពីមានការគាំទ្រ និង ការដាក់ចេញពីរាជរដ្ឋាភិបាលកម្ពុជា។
យោងតាមប្រកាសន៍សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា សមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា បានឯកភាពមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នេះ ហើយគ្រឹះស្ថានសិក្សាទាំងអស់នឹងពិនិត្យលទ្ធភាពបញ្ចុះតម្លៃសិក្សាជូនក្មួយៗ សិស្ស-និស្សិត ទៅតាមលទ្ធភាពរៀងៗខ្លួន។ដោយឡែក ចំពោះសហព័ន្ធសេវាអប់រំនៃកម្ពុជា ក៏បានឯកភាពមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ដោយសារសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ គ្រឹះស្ថានសិក្សាជាច្រើនដែលជាសមាជិកសហព័ន្ធបានបើកបវេសនកាលតាំងពីខែកក្កដា ឬសីហា រួចទៅហើយ។
បើតាមសម្តេច ហ៊ុន ម៉ាណែត ការ«មិនដំឡើងថ្លៃសិក្សា»សម្រាប់ឆ្នាំសិក្សាថ្មី សង្ឃឹមថាសកម្មភាពជាវិជ្ជមានរបស់បណ្ដាគ្រឹះស្ថានសិក្សាខាងលើនេះ នឹងជួយសម្រាលបន្ទុកបានមួយកម្រិតសម្រាប់ឪពុកម្តាយ អ្នកអាណាព្យាបាល និងក្មួយៗ សិស្ស-និស្សិត សម្រាប់ការសិក្សានេះ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលបានផ្តល់ការគាំទ្រ និង ដាក់ចេញនូវគោលនយោបាយអនុគ្រោះជាបន្តបន្ទាប់ សំដៅលើកទឹកចិត្ត និងជួយសម្រួលដល់វិស័យអប់រំ ជាពិសេស ដើម្បីជួយសម្រាលបន្ទុកចំណាយដល់សកលវិទ្យាល័យ សាលារៀន ក៏ដូចជាឪពុកម្តាយ អ្នកអាណាព្យាបាល និង ក្មួយៗ សិស្ស-និស្សិត។
ក្នុងអង្គប្រជុំថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ សម្តេច ហ៊ុន ម៉ាណែត សម្រេចផ្តល់នូវការលើកទឹកចិត្តចំនួន ០៣ ចំណុច ក្នុងនោះក៏បានបន្តអនុគ្រោះពន្ធមួយចំនួន រួមមាន៖ ពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់ទុកលើសេវាការប្រាក់ និងភាគលាភ ចាប់ពីឆ្នាំ២០២៤ រហូតដល់ដំណាច់ឆ្នាំ២០២៨។
ដើម្បីសម្រាលបន្ទុកដល់ឪពុកម្តាយ អ្នកអាណាព្យាបាល និងក្មួយៗ សិស្ស-និស្សិត ក្នុងការបង់ថ្លៃសិក្សានៅតាមគ្រឹះស្ថានសិក្សា ប្រមុខរាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូន លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាដែលមានសមាជិក ១៤១ និង សហព័ន្ធសេវាអប់រំនៃកម្ពុជាដែលមានសមាជិក ១២០ ដើម្បីពិនិត្យលទ្ធភាពមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មីនេះ ក៏ដូចជាពិនិត្យលទ្ធភាពជាក់ស្ដែងក្នុងការបញ្ចុះថ្លៃសិក្សាសម្រាប់ក្មួយៗ សិស្ស-និស្សិត ហើយការងារនេះ គឺទទួលបានជោគជ័យនៅពេលនេះ។
ជាការកត់សម្គាល់ ការសម្រេចនេះ គឺធ្វើឡើងក្រោយពី លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ឆ្នាំ ២០២៤ បានប្រកាសចេញលទ្ធផលដោយក្នុងប្រឡងនៅឆ្នាំនេះ មានបេក្ខជនប្រឡងជាប់សរុបចំនួន ១០៦ ៣៥១នាក់ ត្រូវជា ៧៩% ហើយសិស្សជាប់និទ្ទេស A មានចំនួន ២២១៦នាក់ ជាចំនួនកើនឡើងជាងឆ្នាំ២០២៣ ដែលមានបេក្ខជនប្រឡងជាប់ជាង ៩ម៉ឺន ៦ ពាន់នាក់៕