Cctimesw1140xh150cm copy

ក្រសួងអប់រំដឹកជញ្ជូន«វិញ្ញាសា»ទៅកាន់បណ្តារាជធានីខេត្តត្រៀមប្រឡងបាក់ឌុប

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
ក្រសួងអប់រំដឹកជញ្ជូន«វិញ្ញាសា»ទៅកាន់បណ្តារាជធានីខេត្ត។រូបភាព៖ក្រសួងអប់រំ

ភ្នំពេញ៖ ប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានី-ខេត្ត បានមកទទួល ផ្ទៀងផ្ទាត់ និង ដឹកជញ្ជូនហឹបប្រធានវិញ្ញាសា ទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន ដើម្បីត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤។នេះបើយោងតាមការផ្សព្វផ្សាយពីក្រសួងអប់រំ យុវជន និង កីឡា។

ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤នេះ ក្រសួងអប់រំ បានគូសបញ្ជាក់ថា គណៈមេប្រយោគគ្រប់រូបបានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីធានាបាននូវដំណើរការប្រឡង គោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និង លទ្ធផលទទួលយកបាន។

មុនដឹកជញ្ជូនវិញ្ញាសា ប្រធានគណៈមេប្រយោគទូទាំងប្រទេសបានមកទទួល និង ផ្ទៀងផ្ទាត់ រាល់ហឹបប្រធានវិញ្ញាសា ទៅកាន់បណ្តាខេត្តរៀងៗខ្លួន ដើម្បីបញ្ជាក់នូវភាពត្រឹមត្រូវ មានតម្លាភាព ទៅដល់បេក្ខជនប្រឡង និង វិស័យអប់រំនៅកម្ពុជា។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣-២០២៤នេះ មានបេក្ខជនចុះឈ្មោះប្រឡង សរុបចំនួន ១៣៧,០៤០នាក់ មានសិស្សស្រី សរុបចំនួន ៧៤,៨៨២នាក់។ ចំពោះបេក្ខជន ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៩,៣៥៨នាក់ មានសិស្សស្រី ចំនួន ២៣,៧១៥នាក់ និង បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧,៦៨២នាក់ មានសិស្សស្រី ចំនួន ៥១,១៦៧នាក់។ ចំណែក បេក្ខជនពិការភាព និងគរថ្លង់ មានសរុប ចំនួន ៣៦នាក់។ បេក្ខជនត្រូវបានរៀបចំចំនួន ២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី-ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និង បន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។

ការប្រឡងឆ្នាំនេះ មានមណ្ឌលសំណេរសរុបចំនួន ២៣០មណ្ឌល ត្រូវជា ៥,៥៣៣បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧៣មណ្ឌល ត្រូវជា ១,៦០២បន្ទប់ និង ថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ១៥៧មណ្ឌល ត្រូវជា ៣,៩៣១ បន្ទប់។ មណ្ឌលកំណែសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០មណ្ឌល ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង