Cctime 6monthsfree desktop
Cc times  web banner kh (2)

អភិបាលខេត្តយូណាន សន្យាផ្តល់«អាហារូបករណ៍» កាន់តែច្រើនដល់និស្សិតកម្ពុជា និងជំរុញទេសចរចិនទៅកម្ពុជាបន្ថែមទៀត

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ចិន៖ លោក Wang Yubo អភិបាលខេត្តយូណាននៃប្រទេសចិន បានសន្យាពិនិត្យលទ្ធភាពផ្ដល់អាហារូបករណ៍កាន់តែច្រើនទៀត ដល់និស្សិតកម្ពុជា ដើម្បីមកបន្តការសិក្សានៅខេត្តយូណាន និងបន្តខិតខំលើកទឹកចិត្តឱ្យប្រជាជនចិន ទៅធ្វើទេសចរណ៍ នៅប្រទេសកម្ពុជា ដែលមានគោលដៅទេសចរណ៍សម្បូរបែប។ ការថ្លែងនេះធ្វើឡើងនៅក្នុងជំនួបរវាងលោក Wang Yubo និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៅប្រទេសចិន នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអនុញ្ញាតឱ្យ លោក Wang Yubo អភិបាលខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨, កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១០ និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ានម៉ា-វៀតណាម (CLMV) លើកទី១១ ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណៈរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនៃជំនួប លោកអភិបាលខេត្តយូណាន បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្តេច ហ៊ុន ម៉ាណែត ដែលអញ្ជើញចូលរួមកិច្ចប្រជុំ GMS នៅទីក្រុងគុនមិញ នាឱកាសនេះ និងបានសម្ដែងនូវសេចក្ដីរីករាយ ដែលបានជួបសម្ដេចបវរធិបតីម្ដងទៀត បន្ទាប់ពីលោកបានជួបជាមួយសម្ដេច ក្នុងឱកាសនៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កាលពីចុងឆ្នាំ២០២៣ ព្រមទាំងបានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីការវិវឌ្ឍន៍ និងសក្តានុពលរបស់ខេត្តយូណាន ផងដែរ។ លោកបានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការរវាងខេត្តយូណាន និងប្រទេសកម្ពុជា មានការរីកចម្រើន ជាពិសេស តាមរយៈការផ្លាស់ប្ដូរដំណើរទស្សនកិច្ច វិស័យពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

សម្តេច ហ៊ុន ម៉ាណែត និងលោកអភិបាលខេត្តបានពិភាក្សាផ្លាស់ប្តូរយោបល់អំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន រួមមាន ពាណិជ្ជកម្ម ការវិនិយោគ ឧស្សហកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម អប់រំនិងការបណ្ដុះបណ្ដាល ព្រមទាំងទេសចរណ៍ ជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង