Img 1426
Swift cc time

កញ្ញា សៅ យ៉ារ៉េត៖មិននឹកស្មានថាអ្នកបោះបង់ការសិក្សាតាំងពីក្មេង មានឱកាសរៀនជំនាញ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ កញ្ញា សៅ យ៉ារ៉េត ជាសិក្ខាកាមកំពុងសិក្សាជំនាញរចនាក្រាហ្វិកដោយកុំព្យទ័រ ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ។ កញ្ញា សៅ យ៉ារ៉េត សប្បាយចិត្តនៅពេលបានចូលរៀនជំនាញមួយនេះ ដោយមិននឹកស្មានថា អ្នកបោះបង់ការសិក្សាចោលតាំងពីក្មេង និងអាយុច្រើន ក៏នៅតែអាចចូលរៀនជំនាញបាន។

កញ្ញា សៅ យ៉ារ៉េត បាននិយាយថា កញ្ញាំរំភើបចិត្ត ព្រោះមិននឹកស្មានថាមានសាលាបង្រៀន ដោយមិនយកលុយ។ បើទោះជា ឈប់រៀនច្រើនឆ្នាំ និងមានអាយុច្រើន ក៏នៅតែអាចចូលរៀនបាន។ សិក្ខាកាមរូបនេះ បានប្រាប់ទៀតថា អ្នកដែលឈប់រៀនច្រើនឆ្នាំ និងមិនមានថវិការៀនបន្ត កុំព្រួយបារម្ភឡើយ។ សាធារណជន អាចចុះឈ្មោះចូលរៀនក្នុង កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃបាន។ ជាពិសេស បរិយាកាសនៃការសិក្សារៀនសូត្រមានផាសុខភាព គ្រូបង្រៀនមានការយកចិត្តទុកដាក់ខ្ពស់ ធ្វើឱ្យឆាប់យល់ ឆាប់ចេះ និងមានទំនុកចិត្ត។

កញ្ញា សៅ យ៉ារ៉េត បានឱ្យដឹងទៀតថា ការរៀនជំនាញនេះ កុំមានការបារម្ភថា ខ្លួនមិនចេះហើយរៀនមិនទាន់គេនោះ ព្រោះគ្រូបង្រៀនមានវិធីសាស្ត្រពន្យល់ឱ្យសិស្សចាប់បានចំណេះជំនាញតាំងពីដំបូង ដូចៗគ្នា។ ជាមួយគ្នានេះ កញ្ញាក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដទៃទៀត ដែលគ្មានលទ្ធភាពបន្តការសិក្សា ឬបានបោះបង់ចោលការសិក្សាច្រើនឆ្នាំ ទោះមានអាយុច្រើនក៏ដោយ អាចស្វែងរកការចុះឈ្មោះចូលរៀននៅតាមសាលាបង្រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ទូទាំងរាជធានី-ខេត្ត។

បើតាមការលើកឡើងរបស់ កញ្ញា សៅ យ៉ារ៉េត ស្របពេលប្រទេសជាតិកំពុងតែមានការអភិវឌ្ឍឥតឈប់ឈរ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈក៏មិនត្រូវនៅស្ងៀមដែរ គួរតែអភិវឌ្ឍខ្លួនធ្វើយ៉ាងណាឱ្យដើរទាន់សម័យកាល យ៉ាងហោចណាស់ក៏ត្រូវមានជំនាញមួយពិតប្រាកដក្នុងជីវិត ដែលអាចទៅធ្វើការងារបាននៅគ្រប់ទីកន្លែង៕


ពាក្យទាក់ទង: យុវជន
Khcct banner

អត្ថបទទាក់ទង