សៀមរាប៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូក្រសួងជិះកង់ពិនិត្យមើលផ្លូវទោចក្រយានយន្ត និងផ្លូវសម្រាប់អ្នកថ្មើរជើង ក្រោយពេលគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានបញ្ចប់ជាស្ថាពរ តាមផែនការដែលបានគ្រោងទុក។
ជាការកត់សម្គាល់នៅប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមបានរិះគន់ចំៗចំពោះទង្វើបុគ្គលមួយចំនួន ដែលចតយានយន្ត ដាក់តាំងលក់ម៉ូតូ និងសម្ភារៈផ្សេងៗ លើផ្លូវកង់ ដែលទើបស្ថាបនារួច។
ក្រោយមានបញ្ហានេះ អាជ្ញាធរខេត្តសៀមរាប ប្រកាសពីការចាប់ផ្តើមផាកពិន័យ លើអ្នកដែលចតយានយន្ត ឬលក់ដូរលើផ្លូវកង់ ក៏ដូចជាលក់ដូរលើផ្លូវថ្មើរជើង និងចិញ្ចើមផ្លូវ ក្នុងក្រុងសៀមរាប។
គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប បានបញ្ចប់ ជាស្ថាពរតាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ និងគ្រោងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗ ខាងមុខនេះ។