ភ្នំពេញ៖ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា នឹងចូលរួមអមដំណើរ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសបំពេញទស្សនកិច្ចនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ព្រមទាំងចូលរួមកិច្ចប្រជុំ CICA លើកទី៧។
ក្នុងបេសកកម្មនេះគណៈប្រតិភូ នៃសមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា អ៊ាន អេឡែន អនុប្រធានសមាគម និងជាប្រធានគណៈកម្មការអប់រំ បណ្តុះបណ្តាល និងបច្ចេកទេស ដោយមានសមាសភាពដូចជា អ្នកឧកញ៉ា ទី គឹមស្រ៊ាន, អ្នកឧកញ៉ា កង លាប, អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន, អ្នកឧកញ៉ាបណ្ឌិត លី រិទ្ធ និង លោក ម៉ៅ សុទ្ធីវឌ្ឍ ។
តាមគម្រោង សម្តេច ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។ បន្ទាប់មក នៅថ្ងៃទី១៥ ខែតុលា សម្តេចនឹងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ដែលប្រព្រឹត្តទៅនៅរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់។
ក្រោយបញ្ចប់កម្មវិធីនៅអាស៊ែបៃហ្សង់ សម្តេច នឹងបន្តបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋតួកគីយ៉េ នៅថ្ងៃទី១៦ ខែតុលា និងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកាហ្សាក់ស្ថាន នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។
សមាគមឧកញ៉ាកម្ពុជាបញ្ជាក់ថា ការចូលរួមរបស់គណៈប្រតិភូក្នុងបេសកកម្មនេះ គឺដើម្បីបន្តគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការទូតសេដ្ឋកិច្ច ទាក់ទាញការវិនិយោគពីបរទេស និងពង្រឹងភាពជាដៃគូរវាងវិស័យឯកជនកម្ពុជាជាមួយសហគមន៍ធុរកិច្ចអន្តរជាតិ៕