ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានបើកកិច្ចប្រជុំមួយជាមួយមន្ត្រីពាក់ព័ន្ធទាំងអស់ និង បានណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងបរិស្ថាន និងប្រធានមន្ទីរបរិស្ថានរាជធានី-ខេត្តទាំងអស់ ឱ្យពង្រឹងការអនុវត្ត ជំហានទី២ នៃសសរស្តម្ភបៃតង ឬហៅថា «យុទ្ធសាស្ត្រជមហាន២.១» ឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត សំដៅលើកកម្ពស់ ការគ្រប់គ្រងធនធានធម្មជាតិ និងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព។
ក្នុងកិច្ចប្រជុំនោះ លោក អ៊ាង សុផល្លែត បានថ្លែង ផ្ដោតលើលទ្ធផលជាក់ស្ដែង និង វិធានការសំខាន់ៗរួមមាន ការពង្រឹងការអនុវត្តច្បាប់ មិនមានការលើកលែង ឬអត់ឱនចំពោះបទល្មើសធនធានធម្មជាតិឡើយ ដោយរាប់ចាប់តាំងពីការកសាងសំណុំរឿង រហូតដល់ការបន្តនីតិវិធីតុលាការ ដើម្បីសម្រេចបាននូវសុក្រឹតកម្មបរិស្ថានកិច្ច។ លើសពីនេះមន្រ្ទីឧទ្យានុរក្សបន្ត កិច្ចសហការជិតស្និទ្ធ ជាមួយគណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក កងរាជអាវុធហត្ថ ព្រះរាជអាជ្ញា តុលាការ និងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រានដីព្រៃខុសច្បាប់ នៅតាមតំបន់ការពារធម្មជាតិ។
ជាមួយគ្នានោះ លោកបានជំរុញការបង្កើនគម្របបៃតង ធ្វើការរៀបចំដាំស្តារព្រៃឈើ ឱ្យបានច្រើន តាមរយៈថ្នាលបណ្តុះកូនឈើនៅតាមមនញទីរ តាមរយៈថ្នាល់ថ្នាក់តំបន់ធំ និងចែកកូនឈើជូនប្រជាពលរដ្ឋដាំដោយឥតគិតថ្លៃ ឆ្ពោះទៅសម្រេចឱ្យបាននូវគម្របព្រៃឈើច្រើន និងប្រែក្លាយកម្ពុជាជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។
លើសពីនេះ ឯកឧត្តបានមានប្រសាសន៍ ជំរុញការលើកកម្ពស់ជីវភាពសហគមន៍ ការរៀបចំប្រែក្លាយតំបន់ការពារធម្មជាតិ និងសហគមន៍មូលដ្ឋានឱ្យទៅជា «គោលដៅលំហែបៃតង» ដែលអាចបង្កើតការងារ ឱកាស ដល់ប្រជាពលរដ្ឋ នៅតាមសហគមន៍តំបន់ការពារធម្មជាតិ មានចំណូល និងមានភាពជាម្ចាស់លើគម្រោងអភិវឌ្ឍន៍នៅតាមមូលដ្ឋានផ្ទាល់ សំដៅ ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព៕