ភ្នំពេញ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បានចូលរួមពិធីកាន់បិណ្ឌនៅវត្តសុវណ្ណរាសីរតនារាម ហៅវត្តសំរោងកណ្តាល ដោយបានប្រគេនចង្ហាន់ និងទេយ្យទានចាំបាច់ជូនព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សា។
ស្ថានទូតអាម៉េរិកបានបង្ហាញសេចក្តីរីករាយដែលបានចូលរួមអបអរសាទរប្រពៃណីដ៏មានអត្ថន័យនេះជាមួយសហគមន៍ខ្មែរ ព្រមទាំងជូនពរប្រជាពលរដ្ឋទាំងអស់ឱ្យជួបប្រទះតែសេចក្តីសុខ មានសុខភាពល្អ សុភមង្គលក្នុងក្រុមគ្រួសារ និងធ្វើដំណើរប្រកបដោយសុវត្ថិភាពក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាប្រពៃណីដ៏មានតម្លៃរបស់ប្រជាជនខ្មែរ ដែលផ្តល់ឱកាសឱ្យក្រុមគ្រួសារជួបជុំគ្នា ឧទ្ទិសកុសលជូនដល់បុព្វការីជន និងសាច់ញាតិដែលបានទទួលមរណភាព ព្រមទាំងបន្តថែរក្សាទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិ៕