
អាម៉េរិក៖ ក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានប្រាប់អ្នកដែលនៅតែនៅក្នុងប្រទេសនេះ ឱ្យចាកចេញភ្លាមៗ ដោយលើកឡើងពីការគំរាមកំហែងនៃការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។
រដ្ឋាភិបាលសហរដ្ឋអាម៉េរិកបានណែនាំប្រជាជនអាមេរិកក្នុងប្រទេសអ៊ុយក្រែនឱ្យចាកចេញពីប្រទេសជាបន្ទាន់ និងតាមមធ្យោបាយណាមួយដែលមាននៅថ្ងៃព្រហស្បតិ៍។ ការដាស់តឿនការធ្វើដំណើររបស់សហរដ្ឋអាម៉េរិកពីមុន ដែលបានចេញផ្សាយនៅក្នុងខែមករាបានលើកឡើងពីការព្រួយបារម្ភដូចគ្នានៃ ការកើនឡើងពីការគំរាមកំហែងនៃសកម្មភាពយោធារុស្ស៊ី ខណៈពេលដែលអំពាវនាវឱ្យពលរដ្ឋអាមេរិកជៀសវាងការទៅអ៊ុយក្រែន ប៉ុន្តែមិនបានទៅឆ្ងាយដូចការជំរុញឱ្យពួកគេភៀសខ្លួនចេញពីប្រទេសនោះទេ។
ការផ្តល់ប្រឹក្សាបានបន្តថា ជនជាតិអាម៉េរិកទាំងនោះ ដែលជ្រើសរើសបន្តនៅអ៊ុយក្រែន គួរតែរក្សាការប្រុងប្រយ័ត្ន "ដោយសារតែឧក្រិដ្ឋកម្ម ភាពចលាចលស៊ីវិល និងប្រតិបត្តិការប្រយុទ្ធដ៏មានសក្តានុពល ប្រសិនបើរុស្ស៊ីចាត់វិធានការយោធា" មុននឹងព្រមានថា រដ្ឋាភិបាលអាម៉េរិកនឹង "មិនអាចជម្លៀសពលរដ្ឋអាម៉េរិកបានទេ" ប្រសិនបើជម្លោះយោធាផ្ទុះឡើង។
ទីក្រុងមូស្គូបានបដិសេធម្តងហើយម្តងទៀតថា ខ្លួនមានបំណង "ឈ្លានពាន" អ៊ុយក្រែនទេ ហើយរដ្ឋាភិបាលអ៊ុយក្រែន ក៏បានរិះគន់សហរដ្ឋអាមេរិកចំពោះការភ័យខ្លាចផងដែរ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba បានច្រានចោលរបាយការណ៍នៃការឈ្លានពាន "ជិតមកដល់" កាលពីខែមុន ដោយចង្អុលបង្ហាញថា ចំនួនទាហានរុស្ស៊ីនៅជិតព្រំដែន "មិនគ្រប់គ្រាន់សម្រាប់ការវាយប្រហារពេញលេញទេ" ។
កាសែត Wall Street Journal ក៏បានរាយការណ៍កាលពីថ្ងៃពុធថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky មានការព្រួយបារម្ភថា ការព្រមានរបស់សហរដ្ឋអាម៉េរិកម្តងហើយម្តងទៀតអំពីការឈ្លានពាន អាចមានប្រយោជន៍សម្រាប់អ្នកដែលស្វែងរកអស្ថិរភាពនៅក្នុងអ៊ុយក្រែន និងធ្វើឱ្យខូចសេដ្ឋកិច្ចរបស់ខ្លួន៕