Cctime 6monthsfree desktop
Cc times  web banner kh (2)

កញ្ញាឈន បញ្ញាវលក្ខណ៍ត្រៀមបើក«គ្លីនិកពិគ្រោះនឹងព្យាបាលជំងឺទូទៅ»ក្រោយរៀនចប់នៅចិន

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាពដោយកញ្ញា ឈន បញ្ញាវលក្ខណ៍

ភ្នំពេញ៖ កញ្ញា ឈន បញ្ញាវលក្ខណ៍ បានបញ្ចប់ការសិក្សាថ្នាក់ទី១២ នៅឆ្នាំ២០១៣ និងបានបន្ដការសិក្សានៅប្រទេសចិន។ នៅ ខែកក្កដា ឆ្នាំ២០២១ កញ្ញា វលក្ខណ៍ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវេជ្ជបណ្ឌិតទូទៅ ពីសាកលវិទ្យាល័យ Kunming Medical។ បច្ចុប្បន្នកញ្ញា វលក្ខណ៍ កំពុងតែដំណើរការ ការបើកគ្លីនិកពិគ្រោះនឹងព្យាបាលជំងឺទូទៅដោយខ្លួនឯងនៅក្នុងខេត្តកពង់ឆ្នាំងផងដែរ។

តាមរយៈការសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ កញ្ញា វលក្ខណ៍ បានប្រាប់ថា កញ្ញាមិនបានសម្រេចចិត្តរៀននៅសាកលវិទ្យាណាមួយក្នុងប្រទេសខ្មែរឡើយ។ ក្រោយរៀនចប់ថ្នាក់ទី១២ កញ្ញាក៏បានដាក់ពាក្យប្រឡងអាហារូបករណ៍ទៅប្រទេសចិនតែម្ដង។

បន្ទាប់ពីបានទៅដល់ប្រទេសចិន កញ្ញាបានជួបផលវិបាកដូចជា បញ្ហាភាសា នឹងអាហារតែប៉ុណ្ណោះ។ ដោយសារតែភាសាចិន គឺពិបាករៀន ហើយរសជាតិអាហារក៏ខុសពីអាហារយើង។ កញ្ញា វលក្ខណ៍បានបន្ដថា បន្ទាប់ពីបានរស់នៅទីនោះរយៈពេលមួយឆ្នាំ ទើបចាប់ផ្ដើមអាចប្រើភាសាចិនក្នុងការប្រាស្រ័យទាក់ទងបាន និងចាប់ផ្ដើមស៊ាំជាមួយរសជាតិអាហារ ទើបការរស់នៅទីនោះមានភាពងាយស្រួលជាងមុន។

កញ្ញា វលក្ខណ៍ បានចំណាយពេលមួយឆ្នាំនៅប្រទេសចិន ដើម្បីរៀនភាសាចិន។ កញ្ញា វលក្ខណ៍ បានបន្ដថា កញ្ញាខាតពេលវេលាក្នុងការសិក្សារហូតដល់ទៅបីឆ្នាំ។ ដោយសារ សាលាដែលកញ្ញាដាក់ពាក្យស្នើសុំប្រឡងអាហារូបករណ៍នោះ មិនមានជំនាញពេទ្យឡើយ។ ដូច្នេះកញ្ញា ត្រូវរកសាកលវិទ្យាល័យដែលមានជំនាញពេទ្យដោយខ្លួនឯង។

រហូតដល់ឆ្នាំ២០១៦ ទើបកញ្ញាស្វែងរកសាកលវិទ្យាល័យដែលមានជំនាញពេទ្យបាន នៅខេត្តYunnan នៃទីក្រុង Kunming។ ការសិក្សានៅទីនោះ កញ្ញាបានជ្រើសរើសកម្មវិធីសិក្សាជាភាសាចិន ដោយសារកញ្ញាប្រឡងភាសាចិន បានពិន្ទុ HSK4។ កញ្ញាបានចំណាយពេលរៀនពេទ្យនៅទីនោះរយៈពេល៥ឆ្នាំ រួមទាំងការចុះកម្មសិក្សា១ឆ្នាំ។

កញ្ញា វលក្ខណ៍ បានបន្ថែមថា មុនពេលវីរុសកូវីដ-១៩ផ្ទុះឡើង គឺកញ្ញាបានត្រឡប់ស្រុកកំណើតអំឡុងពេលវិស្សមកាល។ ក្រោយមកដល់ស្រុកកំណើតបានពីរសប្ដាហ៍ ទើបវីរុសកូវីដ-១៩បានផ្ទុះឡើង។ នៅពេលនោះគឺកញ្ញាកំពុងតែរៀនឆ្នាំទី៤ ឆមាសទី២។ ដូច្នេះការសិក្សា១ឆមាសចុងក្រោយ គឺកញ្ញារៀនតាមរយៈអនឡាញ ហើយការប្រឡងបញ្ចប់ការសិក្សាក៏ធ្វើតាមអនឡាញដែរ។

ក្រោយរៀនចប់រយៈពេល៤ឆ្នាំនោះ កញ្ញា វលក្ខណ៍ ត្រូវចុះកម្មសិក្សារយៈពេលមួយឆ្នាំ នៅមន្ទីពេទ្យឯប្រទេសចិន។ ដោយសារតែវីរុសកូវីដ-១៩ ទើបសាលាអោយកញ្ញាផ្អាកការសិក្សាមួយរយៈ ដើម្បីរងចាំការរីករាលដាលនៃវីរុសកូវីដ-១៩ធ្លាក់ចុះ ទើបត្រឡប់ទៅចុះកម្មសិក្សានៅឯប្រទេសចិនវិញ។ ប៉ុន្ដែកញ្ញាបានស្នើសុំសាលា ចុះកម្មសិក្សានៅប្រទេសកំណើតក្នុងមន្ទីពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈវិញ។

ក្រោយបានបញ្ចប់ការចុះកម្មសិក្សានៅមន្ទីពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈរយៈពេលមួយឆ្នាំ កញ្ញា វលក្ខណ៍ កំពុងតែដំណើរការ ការបើកគ្លីនិកពិគ្រោះនឹងព្យាបាលជំងឺទូទៅដោយខ្លួនឯងនៅក្នុងខេត្តកពង់ឆ្នាំង។ បច្ចុប្បន្នកញ្ញា ក៏មានបំណងបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅឯប្រទេសចិនផងដែរ៕

រូបភាពដោយកញ្ញា ឈន បញ្ញាវលក្ខណ៍
រូបភាពដោយកញ្ញា ឈន បញ្ញាវលក្ខណ៍
រូបភាពដោយកញ្ញា ឈន បញ្ញាវលក្ខណ៍


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង