ភ្នំពេញ៖ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងថា តាមរយៈការបូកសរុបការងារវប្បធម៌និងវិចិត្រសិល្បៈ ឃើញថា ក្រសួងវប្បធម៌នៅតែប្រឈមបញ្ហារំលោភបំពានដីបុរាណកើតស្ទើររាល់ថ្ងៃនៅទូទាំងប្រទេស។ លោកជំទាវថ្លែងបែបនេះក្នុងសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្បៈឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២។
ទន្ទឹមនឹងសមិទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេលជាងពាក់កណ្ដាលអាណត្តិកន្លងទៅ ក្រសួងវប្បធម៌ក៏ជួបប្រទះនឹងបញ្ហាប្រឈមគួរឱ្យកត់សម្គាល់មួយចំនួនផងដែរ ទាំងបញ្ហាប្រឈមចាស់ និងបញ្ហាប្រឈមថ្មី។ ចំពោះបញ្ហាប្រឈមចាស់ភាគច្រើនពាក់ព័ន្ធនឹងកង្វះធនធានសម្រាប់បំពេញការងារ រួមមាន ធនធានមនុស្ស, ធនធានហិរញ្ញវត្ថុ, និងធនធានគតិយុត្ត បូករួមជាមួយបញ្ហារំលោភបំពានដីបុរាណដ្ឋានស្ទើររាល់ថ្ងៃនៅទូទាំងប្រទេស។
លោកជំទាវ ភឿង សកុណា បានមានប្រសាសន៍ថា ចំពោះបញ្ហាប្រឈមថ្មី រួមមាន ការរីករាលដាលជាសកលក៏ដូចជាភាពមិនច្បាស់លាស់នៃជំងឺកូវីដ-១៩ និងការបាត់បង់ធនធានមនុស្សផ្នែកសិល្បៈបុរាណខ្មែរចំនួន ១១រូប រួមមាន មរតកមនុស្សរស់ចំនួន៤ រូប និងអ្នកជំនាញសិល្បៈបុរាណខ្មែរចំនួន ៧រូប។
លោកជំទាវ បានបន្តថា ស្ទើរពេញមួយឆ្នាំ២០២១ វិបត្តិកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍ឆ្លងចូលសហគមន៍២០កុម្ភៈ” បានវិវឌ្ឍរហូតឈានទៅដល់ការបិទខ្ទប់ភូមិសាស្ត្ររាជធានី-ខេត្តជាច្រើន ដែលធ្វើឱ្យការបំពេញការងាររបស់ក្រសួងជួបការលំបាកខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងក៏នៅតែបន្តខិតខំអនុវត្តការងារ ដោយអនុលោមទៅតាមគន្លងប្រក្រតីភាពថ្មី ដូចជាកម្មវិធីសន្និបាតនាពេលនេះជាដើម៕