
កាណាដា៖ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយថា អ្នកដែលបន្តតវ៉ាប្រឆាំងនឹងការរឹតបន្តឹងកូវីដ១៩ និង ការចាក់វ៉ាក់សាំងកាតព្វកិច្ចនៅទីក្រុងអូតាវ៉ា កំពុងគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ និងសន្តិសុខរបស់អ្នកស្រុកដោយរូបភាព "ហិង្សា" ។
លោកបានថ្លែងបែបនេះ ក្នុងអំឡុងសុន្ទរកថានៅក្នុងសភាកាលពីថ្ងៃច័ន្ទ ដែលត្រូវបានឡោមព័ទ្ធដោយក្រុមអ្នកតវ៉ាចាប់តាំងពីថ្ងៃទី ២៨ ខែមករា។ លោក Trudeau បានអះអាងថា ក្រុមបាតុករប្រឆាំងនឹងការរឹតបន្តឹងកូវីដ១៩ បង្កការគំរាមកំហែងដ៏គ្រោះថ្នាក់ដល់សាធារណជនក៏ដូចជា រដ្ឋត្រឹមតែមួយថ្ងៃបន្ទាប់ពីទីក្រុងអូតាវ៉ា បានប្រកាសដាករដ្ឋក្នុងគ្រាអាសន្ន។
លោក Trudeau បានប្រកាសថា «បុគ្គលកំពុងព្យាយាមរារាំងសេដ្ឋកិច្ចរបស់យើង លទ្ធិប្រជាធិបតេយ្យរបស់យើង និងជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើង ហើយ ប្រជាជននៅ អូតាវ៉ាមិនសមនឹងទទួលបានការយាយីនៅក្នុងសង្កាត់របស់ពួកគេទេ»។
លោកបានបន្តទៀតថា «នោះមិនមែនជាជនជាតិកាណាដានោះទេ នោះមិនមែនជាអ្វីដែលជនជាតិកាណាដាបានធ្វើបាតុកម្មក្នុងរយៈពេល ២ ឆ្នាំចុងក្រោយទេ ពួកគេសមនឹងទទួលបានជីវិតរបស់ពួកគេវិញ»។
នាយករដ្ឋមន្ត្រីបានបង្ហាញថា ប៉ូលីស Royal Canadian Mounted Police ចំនួន ៣០០ នាក់ត្រូវបានដាក់ពង្រាយដើម្បីជួយប៉ូលីស អូតាវ៉ា ប្រឆាំងនឹងក្រុមបាតុករ ហើយថារដ្ឋាភិបាលនឹង កោះប្រជុំជាមួយដៃគូសហព័ន្ធ និងក្រុងដែលពាក់ព័ន្ធ ដើម្បីពង្រឹងការឆ្លើយតបបន្ថែមទៀត។
កាលពីថ្ងៃអាទិត្យ អភិបាលក្រុងអូតាវ៉ា លោក Jim Watson បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ហើយបានហៅការតវ៉ានេះថាជា "គ្រោះថ្នាក់ និងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាព និងសន្តិសុខរបស់អ្នកស្រុក"។
ប៉ូលីសអូតាវ៉ាក៏បានធ្វើការបិទការតវ៉ាផងដែរ ដោយបានចេញសំបុត្រជាងមួយរយទៅអ្នកដឹកជញ្ជូនក្នុងទីក្រុង ព្យួរអាជ្ញាប័ណ្ណ និងរឹបអូសប្រេងឥន្ធនៈ និងចាប់ខ្លួនអ្នកដែលផ្តល់ជំនួយដល់បាតុករដោយ "សម្ភារៈ" ៕