អ៊ុយក្រែន៖ សេដ្ឋកិច្ចអ៊ុយក្រែន បានធ្លាក់ចុះកាន់តែអាក្រក់ ចាប់តាំងពីមានភាពតានតឹងដាក់គ្នានៅព្រំដែនជាមួយប្រទេសរុស្ស៊ី។ធនាគារកណ្តាលរបស់ប្រទេសនេះ បានឈានជើងចូលក្នុងការស្វែងរកជំនួយបន្ថែមពីធនាគារឯកជន និង ដំឡើងអត្រាការប្រាក់ដល់ ១០ ភាគរយ ចំពេលរាល់មុខទំនិញនៅក្នុងប្រទេសចាប់ផ្តើមឡើងថ្លៃ។
វិបត្តិព្រំដែនបូករួមជាមួយបញ្ហាសេដ្ឋកិច្ច បានបង្កឱ្យពលរដ្ឋក្នុងប្រទេសអ៊ុយក្រែនមួយចំនួន សម្រេចចុះផ្លូវធ្វើបាតុកម្ម និង ប្រមូលផ្តុំគ្នាតាមទីសាធារណៈក្នុងរដ្ឋធានីក្រុងគៀវ និង តវ៉ាមុនរដ្ឋសភាជាតិទាមទារឱ្យលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky មានការកំណែទម្រង់សេដ្ឋកិច្ចដែលត្រូវបានសន្យាកាលពីជាងពីរឆ្នាំមុន។
ក្រុមបាតុករ បានចាត់ទុកភាពតានតឹងព្រំដែនជាមួយរុស្ស៊ី គ្រាន់តែជាលេសរបស់រដ្ឋាភិបាល អ៊ុយក្រែន ដើម្បីរួចផុតពីការទទួលខុសត្រូវរបស់ខ្លួនក្នុងដោះស្រាយសេដ្ឋកិច្ចដែលសន្យាហើយតែមិនអាចដោះស្រាយបាន តាមការសន្យា។
ក្រុមបាតុករ បានអះអាងថា លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានសន្យាថា នៅពេលឡើងកាន់អំណាចលោកនឹងបង្កើតលក្ខខណ្ឌ សម្រាប់ការអភិវឌ្ឍអាជីវកម្មខ្នាតតូច ដើម្បីសម្រួលដល់ផ្នែកសេដ្ឋកិច្ច។ប៉ុន្តែនៅពេលដែលលោកឡើងកាន់អំណាច ការអភិវឌ្ឍអាជីវកម្មខ្នាតតូចកាន់តែអាក្រក់ទៅ ៗ ។
គួរបញ្ជាក់ថា វិបត្តិអ៊ុយក្រែនកំពុងបន្តជាសំណុំរឿងក្តៅរវាងក្រុមបស្ចិមប្រទេស និងរុស្ស៊ី ដោយតាមក្រុមអ្នកទទួលខុសត្រូវអាម៉េរិក បានចាទថា រុស្ស៊ីកំពុងបង្កើនការរៀបចំចូលឈ្លានពានអ៊ុយក្រែនក្រោមទ្រង់ទ្រាយធំ។ ភាពតានតឹងនឹងគ្នាអស់ជាងពីរខែ បន្ទាប់ពីភាគីពាក់ព័ន្ធបានប្រឈមមុខ និង វាយប្រហារគ្នា ដោយពាក្យសំដីដោយកាយវិការនេះស្ទើរតែផ្ទុះជាសង្គ្រាមប្រដាប់អាវុធរវាងរុស្ស៊ីនិងអ៊ុយក្រែន៕