ដើមព្រហ៊ូត (Garcinia Vilersiana) ជារុក្ខជាតិដែលដុះតាមព្រៃ ហើយមានប្រយោជន៍ច្រើនសម្រាប់អ្នកតម្បាញ និងអ្នកផលិតសូត្រ ព្រោះសំបកអាចយកទៅស្ងោរឱ្យទៅជាពណ៌លឿង ដែលអាចប្រសើសម្រាប់ជ្រលក់ ក្រណាត់ ឬសូត្រ។
បច្ចុប្បន្ននេះ ដើមព្រះហ៊ូតជាពូជដើមឈើកម្រ និងកម្រឃើញមានដុះដោយសារការទន្ទ្រានព្រៃឈើសម្រាប់ធ្វើស្រែចម្ការ ឬដោយសារពណ៌គីមីដែលគេមានលក់នៅលើទីផ្សារសព្វថ្ងៃ។ ដើមព្រហ៊ូត មានអត្ថប្រយោជន៍ផ្សេងទៀត ព្រោះសំបករបស់វាអាចប្រើជាឱសថធម្មជាតិព្យាបាលជម្ងឺមួយចំនួន ឬអាចកិនជាម្សៅ លាយជាមួយនឹងសារធាតុផ្សេងៗ យកមកលាបលើស្បែក ឱ្យភ្លឺរលោង ភ្លឺចាំង។
លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានថ្លែងថា ដើមព្រះហ៊ូត គឺជាដើមឈើព្រៃដែលភាគច្រើនដុះនៅតាមតំបន់ត្រូពិក ជាពិសេសនៅក្នុងអាស៊ីអាគ្នេយ៍។ ដើមឈើមួយប្រភេទនេះបានផ្តលើប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនខ្មែរ។
លោក អ៊ឹម សុខរិទ្ធី បាបន្តថា រហូតមកដល់បច្ចុប្បន្នប្រជាជនខ្មែរនៅតែប្រើពណ៌មួយប្រភេទនេះសម្រាប់ជ្រលក់សូត្រ។ ហើយពណ៌លឿងក្រម៉ៅដែលផលិតពីសំបកដើមឈើនេះ វាជាពណ៌ដែលនៅតាមវត្តអារាមយកមកជ្រលក់ស្បង់ចីវរកាលពីសម័យមុន តែបច្ចុប្បន្នគេប្រើពណ៌គីមីជំនួសវិញ។
កញ្ញា មីដូរី នាយកគ្រប់គ្រងវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ បានថ្លែងថា ដើមឈើមួយប្រភេទនេះដុះនៅតាមតំបន់ដែលមានអាកាសសធាតុក្តៅសើម ហើយដើមឈើនេះក៏មានដុះនៅប្រទេសជប៉ុនផងដែល ដែលភាគច្រើនមានដុះនៅកោះ OKINAWA ។ នៅប្រទេសកម្ពុជាគេអាចយកសំបកដើមព្រះហ៊ូតមកប្រើជាថ្នាំធម្មជាតិ សម្រាប់ព្យាបាលជំងឺផងដែរ។
អ្នកស្រី ប៊ុត រីណា អ្នកជំនាញពណ៌នៃវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ ថ្លែងថា សម្រាប់ពណ៌ធម្មជាតិផ្សេងៗយើងពិតជាងាយស្រួលក្នុងការរុករក តែសម្រាប់ពណ៌ព្រះហ៊ូតវិញ គឺពិតជាពិបាកក្នុងការរុករកណាស់។ យើងត្រូវចូលព្រៃឡើងភ្នំ ទើបអាចរកដើមព្រះហ៊ូតបានដើម្បីយកសំបកវាមកបង្កើតពណ៌ ហើយដើមឈើប្រភេទនេះអត់មានដុះនៅជិតៗភូមិរបស់លោកស្រីទេ។
អ្នកស្រី ប៊ុត រីណា បន្តថា សម្រាប់ការបង្កើតពណ៌ពីដើមព្រះហ៊ូតយើងគ្រាន់តែយកសំបករបស់វា ដោយមិនបាច់កាប់ដើមនោះទេ តែប្រាប់ពណ៌ធម្មជាតិខ្លះ ប្រសិនយើងចង់យកវាមកបង្កើតពណ៌ យើងត្រូវកាប់ដើមវា។ ហើយយ៉ាងណាមិញពណ៌ព្រះហ៊ូតបន្ទាប់ពីជ្រលក់វាហើយ ពេលយើងប្រើប្រាស់ឬយកមកបោកគក់ វាមិនចេញពណ៌នោះទេ លើសពីនេះយើងប្រើកាន់តែយូរ វាកាន់តែទន់៕