កំពង់ចាម៖ ក្រសួងឧស្សាហកម្ម និងដៃគូពាក់ព័ន្ធ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាម ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ក្នុងការលើកកម្ពស់សុខភាពសាធារណៈ គាំទ្រសកម្មភាពសេដ្ឋកិច្ច និងកែលម្អជីវភាពរស់នៅសម្រាប់ពលរដ្ឋក្នុងខេត្តកំពង់ចាម ចំនួន ៨.៨៧៥ គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម និងតំបន់ជុំវិញ។
នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងដៃគូពាក់ព័ន្ធ បានសម្ពោធដាក់ឱ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មី ដែលបង្កើនអត្រាគ្របដណ្តប់ក្នុងតំបន់សេវាកម្មរបស់រដ្ឋាករទឹកកំពង់ចាម ពីប្រមាណ ៤៩% ក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ៧៦% ក្នុងឆ្នាំ២០២៥។
គម្រោងដែលមានតម្លៃប្រមាណ ១២,៩៨ លានដុល្លារអាមេរិកនេះ បានបង្កើនសេវាផ្គត់ផ្គង់ទឹកស្អាតទ្វេដងដល់ប្រជាពលរដ្ឋក្នុងតំបន់សេវា ពី ៤៤.៩៥៥នាក់ ដល់ ៨៩.០៣០នាក់ និងបង្កើនចំនួនតំណចូលតាមខ្នងផ្ទះ ពី ១០,៤៦៤ ដល់ ១៩.៣៣៩ តំណ រួមទាំងគ្រួសារក្រីក្រចំនួន ៤១៤ ដែលទទួលបានតភ្ជាប់បណ្តាញដោយឥតគិតថ្លៃ។
ប្រព័ន្ធថ្មី ដែលរួមមានស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងការពង្រីកបណ្តាញបំពង់បញ្ជូននិងចែកចាយទឹកស្អាត នឹងបន្ថែមសមត្ថភាពផលិតទឹកស្អាតចំនួន ១១.៦០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលធ្វើឱ្យសមត្ថភាពផលិតទឹកស្អាតសរុបរបស់រដ្ឋាករទឹកកំពង់ចាម កើនឡើងដល់ប្រមាណ ២៨.១០០ម៉ែត្រគូបក្នុងមួយថ្ងៃ។
គួរបញ្ជាក់ថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាម ធ្វើឡើងបន្ទាប់ពីការសម្ពោធប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបង កាលពីខែមេសា និងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធវិស័យទឹកស្អាត ពិសេសនៅតាមតាមបណ្តាខេត្ត-ក្រុង ដែលជាប្រភពកំណើនសេដ្ឋកិច្ចសំខាន់ៗ៕