ភ្នំពេញ៖ ដើម្បីអបអរសាទរខួប ២៥ឆ្នាំនៃមូលនិធិឯកអគ្គរដ្ឋទូតអាម៉េរិក សម្រាប់ការអភិរក្សវប្បធម៌ (AFCP) និងខួប ២៥០ឆ្នាំនៃឯករាជ្យភាពរបស់សហរដ្ឋអាម៉េរិក ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បានប្រកាសផ្តល់ជំនួយថវិកាថ្មីចំនួន ៥៧,០០០ដុល្លារ សម្រាប់គាំទ្រការងារអភិរក្សបេតិកភណ្ឌវប្បធម៌កម្ពុជា។
ការប្រកាសនេះធ្វើឡើងដោយលោកស្រី Katherine Diop ទីប្រឹក្សាផ្នែកកិច្ចការសាធារណៈនៃស្ថានទូតអាម៉េរិក ក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី១១ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងលើកតម្លៃប្រាសាទព្រះវិហារ នៅខេត្តសៀមរាប។
ជំនួយនេះនឹងយកទៅពង្រីកកម្មវិធីបណ្តុះបណ្តាល និងផ្តល់វិញ្ញាបនបត្រផ្នែកអភិរក្សកម្រិតវិជ្ជាជីវៈ សម្រាប់មេការ និងអ្នកបច្ចេកទេសនៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងកោះកេរ។ កម្មវិធីនេះត្រូវបានចាប់ផ្តើមដំបូងនៅរមណីយដ្ឋានអង្គរ ក្នុងឆ្នាំ២០២៤ ដោយមូលនិធិប្រាសាទពិភពលោក និងអាជ្ញាធរជាតិអប្សរា។
តាមរយៈគម្រោងនេះ មេការ និងអ្នកបច្ចេកទេសជនជាតិខ្មែរចំនួន ៤០រូបបន្ថែម នឹងទទួលបានវិញ្ញាបនបត្របណ្តុះបណ្តាល។ ការវិនិយោគលើធនធានមនុស្សក្នុងស្រុកនេះ មានគោលបំណងពង្រឹងសមត្ថភាពអ្នកជំនាញខ្មែរ និងបង្កើតកម្លាំងពលកម្មដែលមានជំនាញ ដើម្បីរួមចំណែកការពារ ថែរក្សា និងអភិរក្សបេតិកភណ្ឌវប្បធម៌របស់កម្ពុជាឱ្យបានគង់វង្ស សម្រាប់មនុស្សជំនាន់ក្រោយ៕